ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោកធ្លាប់បានជួបជាច្រើនលើក ក្នុងអំឡុងពេលអាណត្តិទី១ របស់លោក ហើយបានហៅកូរ៉េខាងជើងជាថ្មីម្តងទៀតថាជា «មហាអំណាចនុយក្លេអ៊ែរ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Time Of Israel នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានអំឡុងកិច្ចប្រជុំនៅការិយាល័យរាងពងក្រពើជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ថាតើរូបលោកមានផែនការបង្កើតទំនាក់ទំនងឡើងវិញជាមួយលោក Kim ដែរឬទេ លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងបង្កើត…ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុង ហើយយើងនឹងបានឃើញថាមានអ្វីកើតឡើង ប៉ុន្តែជាការពិត គាត់គឺជា មហាអំណាចនុយក្លេអ៊ែរ»។

កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ ជាថ្ងៃដែលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ របស់លោក លោក ត្រាំ បាននិយាយថា កូរ៉េខាងជើងគឺជា «មហាអំណាចនុយក្លេអ៊ែរ» ដោយបង្កឱ្យមានការចោទជាសំណួរថា តើលោកអាចនឹងបន្តកិច្ចចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ជាជាងកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងទំនាក់ទំនងឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ឬយ៉ាងណា៕

ប្រភព៖ The Time Of Israel

Share.