ព្រៃវែង – រដ្ឋបាលខេត្តព្រៃវែង បានសេចក្ដីជូនដំណឹងជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីរួមខេត្តព្រៃវែង។

ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។


ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ២០២៥ នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ បន្តពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ នឹងមានសកម្មភាពកម្សាន្តជាច្រើន រួមមាន ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត (នៅសួនច្បារសម្តេច ជា ស៊ឹម) និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ រួមមាន៖ ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី” កម្មវីធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ…។ល។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។





រដ្ឋបាលខេត្តព្រៃវែងសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា មន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ នឹងមកចូលរួមកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរ និងសក្តានុពលខេត្តព្រៃវែង។

សូមជំរាបជូនថាព្រឹត្តិការណ៍នេះ ក៏មានការផ្សាយបន្តផ្ទាល់តាមរយៈផេកផ្លូវការរដ្ឋបាលខេត្តព្រៃវែង ផេកសារព័ត៌មានត្រយង និងផេកផ្លូវការនានា ក្នុងខេត្តព្រៃវែងផងដែរ៕

