កណ្តាល ៖ បុរសម្នាក់ចេញលុយសងទៅអង្គការជំនួសមិត្តភក្តិដែលបានរត់គេចខ្លួនបាត់ អស់ពីខ្លួនរលីង ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោស បែកគំនិតប្រឌិតរឿង ថាមានជនសង្ស័យគ្រួតគម្រាមប្លន់យកទ្រព្យសម្បត្តិទៅវិញ ទីបំផុតត្រូវបានលាតត្រដាង សារភាពចំពោះមុខសមត្ថកិច្ច ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

បុរសខាងលើមានឈ្មោះ សុខ មករា ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបំភ្លឺព៌ត៌មានរបស់ស្នងការខេត្ត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បុរសខាងលើបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការនៅក្នុងរោងចក្រ ចំនួន៥៨០ដុល្លា ហើយមិត្តភក្តិមិនសងអង្គការ គេចខ្លួនទៅរស់នៅប្រទេសថៃ ទើបខ្លួនគ្មានប្រាក់ ក៏យកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ បានប្រាក់ចំនួន៤០០ដុល្លារបូកជាមួយប្រាក់បងស្រីចំនួន២០០ដុល្លារ ផ្ញើឱ្យយកទៅបង់ធនាគារ យកទៅសងអង្គការ។

លុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង១រសៀល រួចជិះម៉ូតូមករកទិញអីហូបនៅក្រុងតាខ្មៅ រហូតដល់ម៉ោង៦និង៥០នាទី ព្រលប់ថ្ងៃដដែល ទើបជិះម៉ូតូតាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅផ្ទះជួលនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ វិញ ក៏ប្រឌិតរឿងភូតកុហកអ្នកសារព័ត៌មាន ថា មានជនសង្ស័យមួយក្រុមមានគ្នាចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង និងអ្នកជិះពីក្រោយបានយកកាំបិតចុងស្រួចមកភ្ជង់ចំក្បាលពោះរបស់ខ្លួន ហើយគំរាមឱ្យដកប្រាក់ចេញពីក្នុងកាបូប ប្រាក់ដុល្លារចំនួន៦០០ដុល្លា ប្រាក់រៀលចំនួន១៦ម៉ឺនរៀល ដោះខ្សែក និងដោះចិញ្ចៀន ទៅយកឱ្យក្រុមជនសង្ស័យទាំងនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់ ។
បច្ចុប្បន្ន ជនខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ កណ្តាល

