ភ្នំពេញ ៖ សិប្បកែច្នៃថ្នាំជក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះ ខណ្ឌកំបូល មន្ត្រីជំនាញ មន្ទីរបរិស្ថាន ដឹកនាំដោយលោកអភិបាលរងសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានចុះទៅពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំង រៀបចំបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងភាយក្លិន ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងភូមិ ។


តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា សិប្បកម្មកែច្នៃថ្នាំជក់ យីហោ សានហុី ឃីង ឌាន ឯ.ក ខាងលើមានភាយក្លិន បង្កឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅជុំវិញនោះ។




ដើម្បីជៀសវាងការប៉ះពាល់បែបនេះ ទើបកម្លាំងចម្រុះ មន្ទីជំនាញ មន្ទីរបរិស្ថាន ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងសាលារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង រៀបចំបទដ្ឋានបច្ចេកទេសកាត់បន្ថយក្លិនសាយភាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ៕




អត្ថបទ÷តាតុងសែនជ័យ
