នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។ ពិធីនេះបានធ្វើឡើងនៅទីតាំង Wonderland Suites & Resort ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។




អនុស្សរណៈនេះជាកិច្ចសហការរវាងក្រុមហ៊ុន G.T.V.C Import Export Co., Ltd. ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ដឹកនាំដោយលោកបណ្ឌិត ធួន ស៊ីណាន គោលបំណងសំខាន់គឺផ្ដោតលើការធ្វើការរួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិឱ្យមកទស្សនាតំបន់ទេសចរណ៍នានាដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កំពុងអភិវឌ្ឍនៅខេត្តព្រះសីហនុ។




អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានផលិតផល និងសេវាកម្មទេសចរណ៍ជាច្រើននៅក្នុងខេត្ត រួមមាន Wonderland Suites & Resort នៅភូមិត្រពាំងគោ សេវាកម្មទេសចរណ៍នៅកោះរ៉ុង និងគម្រោងផ្សេងទៀត។ លើសពីនេះ ក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីបង្កើតកំពង់ផែទេសចរណ៍លើផ្ទៃដី ២២,០០០ ម៉ែត្រការ៉េ។ កំពង់ផែនេះមានសមត្ថភាពទទួលអូប័ទេសចរណ៍ចំនួន ២០ គ្រឿងក្នុងពេលតែមួយ ព្រមទាំងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងសេវាសន្តិសុខសម្រាប់ភ្ញៀវទេសចរណ៍។


ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម ហួត ហាក់ បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនទាំងពីរនេះ ដែលនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ទាំងក្នុងខេត្តព្រះសីហនុ និងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាទាំងមូល។ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហុន បានប្តេជ្ញាគាំទ្រ និងជួយសម្រួលគ្រប់នីតិវិធី ដើម្បីធ្វើយ៉ាងណាក៏ដោយ ឱ្យគម្រោងនេះទទួលជោគជ័យ៕




អត្ថបទ÷ឈុន គឹមហៃ
