ពោធិ៍សាត់÷  សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន និងនាំខ្លួនស្ត្រីជនសង្ស័យម្នាក់ជាតំណាងឲ្យក្រុមហ៊ុនសម្រស់ធារ៉ា ធិឌី សប ខ សមេធិក ឯ.ក និងសម្រេចដាក់ពន្ធនាគារខេត្តពោធិ៍សាត់ ជាបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីទទួលរងបណ្ដឹងពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងឆបោកមានស្ថានទម្ងន់ទោស។


តាមរបាយការណ៍របស់សមត្ថកិច្ច ឃើញថា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង ៥០នាទី កម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគបាលយុត្តិធម៌ស្រុកវាលវែង ដឹកនាំដោយលោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួន ឈ្មោះ ជួន សុធារ៉ា ភេទស្រី អាយុ ៣៧ ឆ្នាំ ជាតំណាងឲ្យក្រុមហ៊ុនសម្រស់ធារ៉ា ធិឌឺ សប ខសមេធិក ឯ.ក មានអាសយដ្ឋានផ្ទះលេខ A២ ផ្លូវទួលពង្រ ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តកោះកុង។ ជាលទ្ធផល សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនជនសង្ស័យនិងបាននាំខ្លួន ជនសង្ស័យឈ្មោះដូចខាងលើ នេះបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ដើម្បីចំណាត់ការតាមនីតិវិធី និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តពោធិ៍សាត់។


បើតាមការបញ្ជាក់ពីសមត្ថកិច្ចជនសង្ស័យខាងលើត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចបញ្ជូនដាក់ពន្ធនាគារជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២៥ ម្សិលមិញនេះ។


សូមបញ្ជាក់ថា តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក គ្រី សីហា តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងសំណុំរឿងព្រហ្មទណ្ឌលលេខ ១០៨៨ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ។

ដីកាកោះចុះថ្ងៃទី ១០ ខែមករាឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងដីកាចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។ បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គលខាងលើ  ឲ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឱ្យបានមុនថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តនិងឆបោកមានស្ថានទម្ងន់ទោស តាមពាក្យបណ្ដឹងរបស់ឈ្មោះ នឿម សំបូរ៕

អត្ថបទ÷ ពោធិ៍សាត់

Share.