ភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយ កែច្នៃជ័រ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងបញ្ជូនទៅពីបណ្តាអង្គភាពផ្សេងៗ ចេញទៅជួយអន្តរាគមន៍ អស់រយៈពេល៦ម៉ោងទើបភ្លើងរលត់ ក្នុងនោះមានមន្ត្រីនគរបាល ពន្លត់អគ្គិភ័យម្នាក់ រងរបួសរលាកជើង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបុរីសង្ឃឹមថ្មី ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឃ្លាំងស្តុកខាងលើសាងពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ៥០ម៉ែត្រx៦០ម៉ែត្រ ស្តុកអេតចាយ និងកែច្នៃជ័រ រងខូចខាតអស់ទាំងស្រុង ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ រថយន្តស្នងការនគរបាលរាជធានីភ្នំពេញ រថយន្តបុរីសង្ឃឹមថ្មី ចេញទៅជួយអត្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រួមទាំងគ្រឿងចក្រអេស្កាវ៉ាទ័រ សហការពន្លត់គ្នាពន្លត់ អស់រយៈពេល៦ម៉ោង រហូតដល់វេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ទើបភ្លើងរលត់ ។ ឃ្លាំងខាងលើរងខូចខាតទាំងស្រុង ហើយក្នុងការងារប្រតិបត្តិការនោះផងដែរ មានមន្ត្រីនគរបាល ខាងពន្លត់អគ្គិភ័យម្នាក់រងរបួសរលាកជើង ហើយត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ជួយអន្តរាគមន៍ ។

ករណីគ្រោះអគ្គិភ័យខាងលើ ចំពោះដើមចមដែលបណ្តាលឱ្យកើតឡើងបែបនេះ ទោះជាមានការសន្និដ្ឋាន មកពីទុស្សេចរន្តអគ្គិសនីយ៉ាងណាក្តី តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ។

អត្ថបទ÷តាតុងសែនជ័យ

Share.