សិល្បៈជាតិ៖ តារាបូលីវូដ GAGAN Malik ធ្លាប់សម្ដែងជាតួអង្គព្រះពុទ្ធ បានមកបង្ហាញវត្តមាននៅប្រាសាទអង្គរវត្តនាពេលថ្មីៗនេះ ដោយមានឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អមដំណើរជាមួយ។

វត្តមានរបស់តារាបូលីវូតមកកាន់ទឹកដីប្រទេសកម្ពុជាមួយឆ្នាំម្ដងបែបនេះ បានក្លាយជាសារសំខាន់មួយបង្ហាញថា កម្ពុជាជាប្រទេសមានភាពសម្បូរបែបនៃទេសចរណ៍និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក។​

សូមជម្រាបឡើងវិញបន្តថា កាលពីអំឡុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ លោក GAGAN Malik ធ្លាប់បានធ្វើ​ដំណើរ​មកទឹកដីអង្គរ​នៃ​ខេត្ត​សៀមរាប និង​បាន​ចូល​ជួប​ថ្វាយបង្គំព្រះអង្គ​គ្រូ ពិន សែម​ នៅ​វត្តរាជបូណ៌​ព្រម​ទាំង​មាន​សទ្ធាជ្រះថ្លា បាន​ប្រគេនតេយ្យទាន ក៏​ដូច​ជា​រូប​ចម្លាក់​ព្រះពុទ្ធ​អង្គ​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ។

​លោក Gagan Malik គឺជា​តារា​សម្ដែង​បូលីវូដ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ លោក​មាន​វ័យ​ ៤៨​ឆ្នាំ លោក​កើត​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៦​។ លោក​បាន​​រៀបការ​ជាមួយ​នឹងមិត្ត​នារី​ដែល​រៀនជាមួយ​គ្នា​នៅ​វិទ្យាល័យ​តាំង​ពីលោក​មាន​វ័យ​ត្រឹម ២២​ឆ្នាំ​។

ឧត្តម​ភរិយា​របស់​លោក​គឺជា​អ្នក​គាំទ្រ​ផ្គាប់មុខ​លើរូប​លោក ហើយ​លោក​តែង​តែ​ពោលថា ​ខ្លួន​មិន​មាន​ការ​ព្រួយ​បារម្ភអ្វីទាំង​អស់​ ព្រោះ​លោក​មាន​ សិតា នៅ​ក្បែរខ្លួន​ចាំ​គាំទ្រ​ហើយ។ តារា​រូប​នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្រោយ​លោក​បាន​សម្ដែង​ជាតួអង្គ​ព្រះរាម នៅ​ក្នុង​រឿង​ រាមាយណ ដោយ​រឿង​នេះ​គឺជា​រឿង​​ជួយ​ឱ្យ​លោកឈ្នះពាន​រង្វាន់ the World Buddhist Film Festival ដែល​ជា​រៀបចំ​ដោយ​អង្គការ​សហប្រជាប្រជាតិ​។

តារាបូលីវូដ Gagan Malik ក៏ធ្លាប់បានទទួលពានរង្វាន់តារាឯក Best Actor Award ដោយសម្តែងជាតួព្រះសិទ្ធត្ថ ហើយលោកនឹងរៀនសូត្រពីរបៀបប្រណិប័តន៍ធម៌ចំនួន ១៥ថ្ងៃ ដើម្បីលោកនឹងនាំយកព្រះធម៌ពុទ្ធសាសនាទៅផ្សព្វផ្សាយប្រៀនប្រដៅប្រជាជននៅក្នុងប្រទេសឥណ្ឌាវិញ៕

Share.