បាត់ដំបង៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៦គ្រួសារ មកពី៦ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយក្នុងនោះផ្ទះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៤៤ខ្នងផ្ទះ កាលពីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

ការនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នេះ កាលពីនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណវត្តបុះបេង ឃុំអូរដំបង១ ស្រុកសង្កែ ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី និងមន្រ្តីពាក់ពាន់ជាច្រើននាក់។

ឯកឧត្តម សុខ លូ បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

តាមលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ស្រុកសង្កែមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលអោយប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន១១៣ ខ្នងផ្ទះ (ស្មើ១១៣គ្រួសារ មនុស្សរាយ ៥៥៣នាក់ ស្រី ២៨២នាក់) លើក៣ឃុំ ក្នុងភូមិចំនួន ៦ ក្នុងស្រុកសង្កែ ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ ប៉ើដំបូលធ្ងនធ្ងរ ចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៦៧ខ្នងផ្ទះ និងសាលារៀនចំនួន១ផងដែរ។

ឯកឧត្តម សុខ លូ ក៏សម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តមបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

តាមលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានបញ្ជាក់បន្ថៀផងដែរថា រយៈពេល៣ខែ ដើមឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងចំនួន ៦លើក ស្មើ ១៦៤ខ្នងផ្ទះ(ស្មើ១៦៤គ្រួសារ មនុស្សរាយ ៧៥៣នាក់ ស្រី៣៩១នាក់) លើកស្រុកចំនួន ៤ ក្នុងឃុំចំនួន៧ លើក,ភូមិចំនួន ៩ភូមិ, ក្នុងនោះ ក្នុងនោះរលំទាំងស្រុងចំនួន១១ខ្នងផ្ទះ ប៉ើដំបូលធ្ងនធ្ងរ ចំនួន ៦០ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៩០ខ្នងផ្ទះក្នុងនោះដែល ដើមឈើរលំសង្កត់របួសមនុស្សចំនួន ៤នាក់ និងមានរន្ទះបាញ់បណ្តាលអោយស្លាប់មនុស្ស ១នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ជាមួយគ្នាឯកឧត្តម បានអំពាវនាវដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយុទ្ធនាការ ដាំដើមឈើឱ្យបានច្រើនព្រោះថា ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជុំសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រក របស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង។ ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា)ថវិកាចំនួនមួយដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕

Share.