ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើបាតុកម្មនៅទូទាំងប្រទេស បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួន និងបញ្ជូនចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រុមអ្នកគាំទ្រលោក Duterte រាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ានៅទីក្រុងម៉ានីល ខណៈក្រុមអ្នកតវ៉ារាប់ពាន់ រាប់ម៉ឺននាក់ទៀតបាននាំគ្នាតវ៉ាតាមតំបន់ផ្សេងៗ។

ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលនាំយកលោក Duterte មកប្រទេសកំណើតវិញ ដោយនិយាយថា ការចាប់ខ្លួន និងការបញ្ជូនខ្លួនចេញពីប្រទេសគឺជា រឿងអយុត្តិធម៌។ ក្រុមបាតុករបាននិយាយថា ការបង្រ្កាបគ្រឿងញៀនរបស់លោក Duterte បានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពីន។

បើតាមស្ត្រី​ម្នាក់​ដែល​ចូល​រួម​ក្នុង​ការ​ធ្វើបាតុកម្មខាងលើ ​ជាមួយ​ស្វាមី​បាន​និយាយ​ថា «អ្វី​ដែល​កំពុង​កើត​ឡើងនា​ពេល​នេះ​ ពិត​ជា​ហួស​ហេតុ​ពេកហើយ»។ ស្រ្តីរូបនេះ បាន​រិះគន់​ចំណាត់ការ​របស់តុលការ ICC ថា​ជា ​ការ​គៀបសង្កត់​ផ្នែក​នយោបាយ រំលោភ​អំណាច ​គ្មាន​ច្បាប់ទម្លាប់។

គួររំលឹកថា អតីតមេដឹកនាំហ្វីលីពីន ដែលគេដាក់រហ័សនាមថា បុរសកណ្ដាប់ដៃដែក រូបនេះ ត្រូវបាន ICC ចោទប្រកាន់ពីបទ «ប្រឆាំងមនុស្សជាតិ» អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀននៅក្រោមអាណត្តិជាប្រធានាធិបតីរបស់លោកពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ លោក Duterte ត្រូវបានបញ្ជូនខ្លួនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់តុលាការ ICC កាលពីថ្ងៃពុធ ទី១២ ខែមីនា កន្លងទៅ ពោលគឺ ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់់មកពីទីក្រុងហុងកុង។

យ៉ាងណាម៉ិញ អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនក្រោមអាណត្តិជាប្រធានាធិបតីហ្វលីពីន លោក Duterte ត្រូវបានគេចោទប្រកាន់ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦,២៥២នាក់ ក្រៅប្រព័ន្ធតុលាការ ខណៈអង្គការសិទ្ធិមនុស្សបានអះអាងថា តួលេខអ្នកស្លាប់គឺមានច្រើនជាងនេះទៅទៀត៕

ប្រភព៖ NHK

Share.