ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា នេះ ប្រកាសឱ្យបុគ្គលិករបស់ស្ថាប័នសារព័ត៌មានរដ្ឋអាមេរិក (VOA) ជាង ១,៣០០នាក់ ឈប់សម្រាកពីការងារ ហើយលុបចោលការផ្ដល់មូលនិធិសម្រាប់បណ្ដាញសារព័ត៌មាន ២ស្ថាប័នផ្សេងទៀតដូចជា វិទ្យុអាស៉ីសេរី និងវិទ្យុអឺរ៉ុបសេរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News។

ដោយកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ បង្គាប់ឱ្យទីភ្នាក់ងារមេរបស់ VOA គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ «USAGM» និង ទីភ្នាក់ងារសហព័ន្ធ ៦ផ្សេងទៀត កាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេ មកត្រឹមកម្រិតអប្បបរមា ដែលកំណត់ដោយច្បាប់។



ដោយឡែក នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក ម៉ៃឃើល អាប្រាម៉ូវីតស៍ (Michael Abramowitz) បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា «ខ្ញុំបានដឹងនៅព្រឹកនេះថា បុគ្គលិកទាំងអស់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក រួមមានអ្នកសារព័ត៌មាន ផលិតករ និងបុគ្គលិកគាំទ្រជាង ១,៣០០នាក់ ត្រូវបានដាក់ឱ្យឈប់សម្រាករដ្ឋបាលនៅថ្ងៃនេះ។ ខ្ញុំក៏ដូចគ្នាដែរ»។
នាយកកម្មវិធីនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មាន លោក ខាឡូស ម៉ាទីនេស ដេឡា ស៊ែរណា (Carlos Martinez de la Serna) បានទទូចឱ្យសភាផ្តល់មូលនិធិឡើងវិញដល់ទីភ្នាក់ងារ USAGM «ដែលផ្តល់ព័ត៌មានគ្មានការត្រួតពិនិត្យខ្លឹមសារជាមុន ក្នុងប្រទេសដែលរឹតត្បិតសេរីភាពសារព័ត៌មាន»។

លោកបានថ្លែងបន្តក្នុងសេចក្តីថ្លែងការណ៍ថា «វាជារឿងហួសហេតុដែលសេតវិមានកំពុងព្យាយាមបំផ្លាញទីភ្នាក់ងារផ្តល់មូលនិធិដោយសភា ដែលគាំទ្រវិស័យសារព័ត៌មានឯករាជ្យ ហើយដែលរាយការណ៍ប្រឈមនឹងរបបផ្ដាច់ការនៅជុំវិញពិភពលោក»។
អ្នកឃ្លាំមើលនយោបាយចិនបានព្រមានថា ការផ្ដាច់មូលនិធិនេះ អាចជះឥទ្ធិពលដល់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ទល់នឹងទីក្រុងប៉េកាំង (Beijing)។
យ៉ាងណា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ កន្លងមករដ្ឋបាលលោក ត្រាំ ក៏បានរុះរើទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID និងក្រសួងអប់រំអាមេរិក ផងដែរ៕

