ព្រះសីហនុ៖ ស្ត្រីពីរនាក់ដែលបានសុំឱ្យសមត្ថភាព អន្តរាគមន៍ ពាក់ព័ន្ធទៅនឹងករណីចាប់បង្ខាំង គិតមកដល់យប់វេលាម៉ោង ០៩និង ១០ នាទីនេះត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យមានសេរីភាពហើយនិងបានយកនាំយកបុរសជនជាតិចិនដែលជាជនសង្ស័យទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយ។

ជុំវិញករណីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នង ការរងទទួលផែនកណ្ដាលសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីបង្ខាំងមនុស្ស ភ្លាមៗ លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកផែនកណ្ដាលសន្តិសុខ ដឹកនាំកម្លាំង ចុះមកដល់ទីតាំងដែលស្ត្រីរងគ្រោះវ័យក្មេងចំនួនពីរនាក់ ស្នើសុំឲ្យអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីមានបុរសជនជាតិចិនបានបង្ខាំង និងប្រើហិង្សាមកលើរូបពួកនាង តាំងពីម៉ោង ០៤ រសៀលថ្ងៃទី ១៦ ខែមីនាឆ្នាំ២០២៥ ក្នុងបន្ទប់លេខ៩០៦ ជាន់ទី ៩ ក្នុងសណ្ឋាគារ ធំស៊ានអ៊ូរអន្តរ ជាតិ ដែលមានទីតាំងតាមបណ្ដោយ ផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។
ក្រោយពីមុខដល់ទីតាំងកើតហេតុ និងបានសួរនាំបឋមរួចមកកម្លាំងសមត្ថកិច្ចបាននាំខ្លួន បុរសជនជាតិចិន ដែលបានបង្ខាំងស្ត្រីរងគ្រោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំពោះស្ត្រីរងគ្រោះសមត្ថកិច្ចនិងឲ្យត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពីធ្វើកំណត់ហេតុសាកសួររួចរាល់។ ប្រភពពីលោកឧត្តមសេនីយ៍ត្រីដដែលបានបន្តថា ជាបឋម ករណីនេះកើតឡើងពីជម្លោះក្នុងគ្រួសាររបស់ជនជាតិចិនដែលមានប្រពន្ធជាជនជាតិខ្មែរ។

ដោយឡែកបើយោងតាមប្រភពអះអាងពីស្ត្រីរងគ្រោះទាំងពីរនាក់បានឲ្យដឹងថា ពួកនាងទាំងពីរគឺជាមិត្តភក្កិរបស់ប្រពន្ធជនជាតិចិន (ជនបង្ក) នៅមុនកើតហេតុ មួយថ្ងៃរូបនាងទាំងពីរត្រូវបានមិត្តភក្កិ ដែលជាប្រពន្ធរបស់ជនបង្កបានទូរសព្ទហៅនាង ឱ្យមកដេកលេងជាមួយនៅលើបន្ទប់ជួលមួយកន្លែងដោយសារមិត្តភក្កិនាងបានឈ្លោះជាមួយប្ដី (ជនបង្ករ) ហើយនាងមិនហ៊ានដេកម្នាក់ឯង ទើបរូបនាងនិងមិត្តភក្តិម្នាក់ទៀត មកដេកកំដរហើយនៅរសៀលថ្ងៃទី ១៦ ខែមីនានេះ រូបនាងបានមកបន្ទប់កើតហេតុដោយមិត្តភក្កិរបស់នាងឲ្យយកកូនមកមុន ហើយមិត្តភក្តិរបស់នាងដែលត្រូវជាប្រពន្ធជនជាតិចិននេះ មិនទាន់មកទេ។

ប៉ុន្តែនៅពេលដែលពួកនាងមកដល់ក្នុងបន្ទប់ ប្រគល់កូនប្រុសទៅឲ្យជនជាតិចិននោះ ជនជាតិចិនដែលជាប្ដីមិត្តភក្កិរបស់នាងបានដកទូរសព្ទ និងបានចាក់សោរបន្ទប់មិនឲ្យនាងចាកចេញពីបន្ទប់វិញនោះទេ មិនត្រឹមតែប៉ុណ្ណោះ បានប្រើហិង្សាផ្ទះកំផ្លៀងមកលើពួកនាងថែមទៀតផង។ រហូតដល់ម៉ោងប៉ុន្មានជាង០៨៖០០ យប់ទើបជនជាតិចិននោះបានប្រគល់ទូរសព្ទឱ្យមករូបនាងហើយពួកនាងបានឆាតតាមប្រព័ន្ធតេលេក្រាម ទៅមនុស្សស្គាល់គ្នានៅខាង ក្រៅរហូតបានដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនយូរប៉ុន្មានកម្លាំងសមត្ថកិច្ចក៏ចុះមក ដល់ហើយពួកនាងត្រូវបានជនជាតិចិននោះដោះលែងឲ្យមានសេរីភាពឡើងវិញ។
អត្ថបទ៖ ឈុន គឹមហៃ

