អន្តរជាតិ៖ សកម្មភាពមួយគួរឱ្យកត់ក្នុងចំណោមសកម្មភាពការទូតរបស់លោក ត្រាំ បានបង្ហាញឱ្យឃើញថា អំឡុងពេល ២ ខែដំបូងនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺនៅរង់ចាំការស្ដារឡើងវិញនៃសម្ព័ន្ធភាពជាមួយរដ្ឋបាលទីក្រុង ម៉ូស្កូ។ ប៉ុន្តែអ្វីដែលអ្នកវិភាគចាប់ក្រសែភ្នែកតាមដានគឺ តើចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោន អាចនឹងចោះទម្លុះរនាំងសម្ព័ន្ធភាពស្អិតរមួតរវាងរុស្ស៊ីនិងចិនបានដែរឬទេ?

ចាប់តាំងពីរុស្ស៊ីលុកលុយកម្ទេចអ៊ុយក្រែននៅឆ្នាំ ២០២២ ចិនបានព្យាយាមនិយាយយករួចខ្លួនថា រដ្ឋបាលទីក្រុងប៉េកាំងគាំទ្រទៅលើសន្តិភាព និងគោរពបូរណភាពទឹកដីនៃប្រទេសដទៃទៀត ប៉ុន្តែមិនដែលថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែននោះទេ។
មិនតែប៉ុណ្ណោះ ទីក្រុងប៉េងកាំងបានបោះឆ្នោតគាំទ្ររុស្ស៊ីទីនៅក្នុងគណៈមន្ត្រីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានចូលរួមក្នុងសមយុទ្ធផ្លូវអាកាសទម្លាក់គ្រាប់បែកនៅជិតរដ្ឋអាឡាស្កាផងដែរ។
យ៉ាងណាមិញ មួយចំហៀង ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ បាននិយាយឡើងថា លោកមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយមេដឹកនាំកំពូលរបស់ចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ប៉ុន្តែមួយចំហៀងទៀតវិញគេអាចមើលឃើញបានថា សេតវិមានបានលើកឡើងអំពីការស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ដោយបង្ហាញពីការដាក់ទណ្ឌកម្មចិនតាមរយៈការតម្លើងពន្ធនាំចូល។
លោក Charles Hecker អ្នកជំនាញផ្នែកទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ី និងលោកខាងលិច បានសម្លឹងឃើញថា វិស័យឯកជនលោកខាងលិចនឹងងាកក្បាលម៉ាស៊ីនចូលមកទាក់ទងល្អជាជាមួយនឹងរុស្ស៊ីយ៉ាងឆាប់រហ័ស ប្រសិនបើទណ្ឌកម្មត្រូវបានបន្ធូរបន្ថយ ជាពិសេសក្រុមធ្វើអាជីវកម្ម ថាមពល លោហធាតុ និងរ៉ែ ដែលទម្លាប់ធ្វើអាជីវកម្មនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ គេនៅតែសម្លឹងឃើញថា ការបកត្រឡប់មកធ្វើពាណិជ្ជកម្មដូចទម្លាប់កាលពីមុននោះ វាមិនមែនជាសញ្ញានៃការបង្រួបបង្រួម រាប់ញាតិគ្នារវាងក្រុងម៉ូស្គូ និងវ៉ាស៊ីនតោននោះទេ។ ហើយវាក៏មិនមែនជាសញ្ញាគ្រប់គ្រាន់ទេដែលធ្វើឱ្យរុស្ស៊ីកាន់តែឃ្លាតឆ្ងាយពីមិត្តចិននោះដែរ ប្រសិនបើមិនអាចប្ដូរទស្សនៈគិតិផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់លោក ពូទីន ដែលប្រឆាំងនឹងលោកខាងលិចបាន។
អ្នកជំនាញ Hecker និយាយឡើងថា អ្នកច្បាស់ជាមិនដែលលឺថាប្រធានាធិបតី ពូទីននិយាយពីមនោគមវិជ្ជាប្រឆាំងនឹងចិននោះទេ។ ហើយឥឡូវនេះពួកគេទាំងពីរគឺជាដៃគូថាមពលដ៏សំខាន់មួយ។
ទោះជាយ៉ាងនោះក្ដី នៅក្នុងជ្រុងដែលនិយាយពីមតិសាធារណៈវិញ វាអាចមានចំណុចធ្វើឱ្យឃើញថា មានការខ្វែងគំនិតគ្នារវាងប្រជាមតិនិងប្រជាមតិ។ នេះបើតាមការរកឃើញរបស់អង្គការ FilterLabs ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អង្គការមួយនេះ បានវិភាគពីអារម្មណ៍អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន និងរុស្ស៊ីថា នៅក្នុងជ្រុងសម្ព័ន្ធភាពរវាងរុស្ស៊ី-ចិន គឺបានបង្ហាញថា អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបញ្ចេញមតិបង្ហាញពី អារម្មណ៍តានតឹង ការមិនទុកចិត្ត និងផលប្រយោជន៍ដែលផ្ទុយគ្នាទៅវិញរវាងប្រទេសទាំងពីរ។
Vasili Gatov អ្នកជំនាញម្នាក់ទៀតលើកឡើងថា ចិនមិនដែលចាត់ទុករុស្ស៊ីក្នុងឋានៈជាដៃគូស្មើគ្នា និងគួរឱ្យទុកចិត្តគ្នានោះទេ។
អ្នកជំនាញរូបនេះបានរំលឹកអំពីប្រវត្តិសាស្ត្រនៃការដណ្តើមយកតំបន់ Amur ពីប្រទេសចិន និងគោលនយោបាយអាណានិគមរបស់រុស្ស៊ីនៅសតវត្សទី ១៩ និង ២០ ។ ហើយអាចសន្និដ្ឋានថា តាមគំនិតរបស់គាត់ វាពិតជាអាចទៅរួចចំពោះការខ្វែងគំនិតគ្នា ដោយជាន់ដានប្រវត្តិសាស្ត្រ នោះហើជាចំណុចនៃភាពងាយរងគ្រោះ។
យ៉ាងណាមិញ លោក Alexander Gabuev នាយកមជ្ឈមណ្ឌល Carnegie លើកិច្ចការងាររុស្ស៊ី-អឺរ៉ាស៊ី សម្លឹងឃើញថា បើពិចារណលើសំឡេងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម វាច្បាស់ជាមិនមានឥទ្ធិពលច្រើនដែលហុចផលលើការសម្រេចចិត្តរបស់រដ្ឋបាលក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនោះទេ។
អ្នកជំនាញដដែលនេះអះអាងថា ការផ្លាស់ប្ដូរផលប្រយោជន៍ពីចិន អាចសម្ដែងពីកម្លាំងចិត្តដែលទីក្រុងប៉េកាំងខ្លួនឯងចង់បានសំណងដូចគ្នា និងជាពិសេសគឺព័ត៌មានស្តីពីអាវុធប្រឆាំងលោកខាងលិចដែលរុស្ស៊ីទទួលបានពីសង្គ្រាមនៅអ៊ុយក្រែន។
នៅអំឡុងពេលសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីកាន់តែមានសភាពប្រសើរឡើងនោះ មានសំណួរមួយដែលអ្នកវិភាគចាប់អារម្មណ៍គឺ៖ ការព្យាករណ៍របស់ ត្រាំ តើវានឹងមានឥទ្ធិពលធ្វើឱ្យសម្ព័ន្ធភាពរវាងចិននិងរុស្ស៊ីរង្គោះរង្គើដែរឬទេ?
ប្រភព៖ VOA Thai

