ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Du Huzhen ដែលមានអាយុ ១០៣ ឆ្នាំ បានទទួលមរណភាពនៅផ្ទះរបស់គាត់នៅខេត្ត Guizhou ភាគនិរតីប្រទេសចិន កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីបានរង់ចាំការត្រឡប់មកវិញរបស់ស្វាមីនាងឈ្មោះ Huang Junfu អស់រយៈពេលជាង ៨០ ឆ្នាំ។

គ្រួសារគាត់បានចេញសេចក្តីជូនដំណឹងអំពីមរណភាព ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ឡើយ។ មុនពេលស្លាប់ គាត់បានកាន់ស្រោមខ្នើយចាស់មួយនៅក្នុងដៃ ដែលគាត់បានប្រើតាំងពីថ្ងៃរៀបការជាមួយស្វាមីនៅឆ្នាំ ១៩៤០ នេះបាន​បង្ហាញពីការនឹករលឹកដ៏ជ្រាលជ្រៅរបស់គាត់​ចំពោះ​ស្វាមី។

Du Huzhen មានអាយុច្រើនជាងស្វាមីរបស់នាង ៣ ឆ្នាំ។ ពួកគេបានរៀបការនៅឆ្នាំ ១៩៤០ ប៉ុន្តែមិនយូរប៉ុន្មាន លោក Huang Junfu បានចូលបម្រើក្នុងជួរកងទ័ព Kuomintang ដែលជាកងទ័ពជាតិនិយមចិន ហើយបានចាកចេញទៅប្រយុទ្ធនៅតាមសមរភូមិនានាទូទាំងប្រទេស។

នៅឆ្នាំ ១៩៤៣ លោកយាយ បានតាមរកស្វាមី និងស្នាក់នៅជាមួយគាត់អំឡុងពេលបម្រើកងទ័ព រហូតដល់មានផ្ទៃពោះ ទើបត្រឡប់ទៅស្រុកកំណើតវិញ។ លោកយាយបានសម្រាលកូនប្រុសម្នាក់ឈ្មោះ Huang Fachang នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៤៤។ ប៉ុន្មានថ្ងៃបន្ទាប់ពីកូនប្រុសកើត លោក Huang Junfu បានត្រឡប់មកផ្ទះម្តង ដើម្បីរៀបចំពិធីបុណ្យសពម្តាយរបស់គាត់ ប៉ុន្តែបន្ទាប់មកគាត់បានចាកចេញទៅបម្រើកងទ័ពម្តងទៀត ហើយមិនដែលត្រឡប់មកវិញទៀតឡើយ។

ក្នុងអំឡុងពេលគាត់អវត្តមាន លោក Huang បានផ្ញើសំបុត្រមកឱ្យភរិយារបស់គាត់ជាបន្តបន្ទាប់ ប៉ុន្តែសំបុត្រចុងក្រោយបំផុតត្រូវបានសរសេរនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៥២។ នៅក្នុងសំបុត្រនោះ គាត់បានសរសេរថា៖ “សម្រាប់ការអប់រំរបស់ Fachang គួរតែឱ្យគេផ្តោតលើការសិក្សា ទោះបីគ្រួសារយើងក្រីក្រយ៉ាងណាក៏ដោយ។ នឹងមានថ្ងៃណាមួយដែលយើងនឹងបានជួបជុំគ្នាវិញជាមិនខាន”។

ក្រដាសដែលគាត់ប្រើសរសេរបង្ហាញថា គាត់កំពុងធ្វើការនៅក្រុមហ៊ុនសំណង់ចិនមួយនៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីនោះ គ្មានដំណឹងអ្វីពីគាត់ទៀតឡើយ។ អស់រយៈពេលជាច្រើនទសវត្សរ៍ លោកយាយ Du Huzhen បានទ្រទ្រង់គ្រួសារតែម្នាក់ឯងដោយធ្វើការងារកសិកម្មនៅពេលថ្ងៃ និងត្បាញស្បែកជើងចំបើង និងក្រណាត់នៅពេលយប់។

ទោះបីជាមានសំណើរៀបការពីបុរសផ្សេងក៏ដោយ លោកបានបដិសេធទាំងអស់ ដោយនិយាយថា “ចុះបើថ្ងៃណាមួយគាត់ត្រឡប់មកវិញ?” លោកបានរក្សាក្តីសង្ឃឹមជានិច្ច ទោះបីជាខ្លួនមិនចេះអក្សរ និងរស់នៅក្នុងជីវិតដ៏លំបាកក៏ដោយ។ ចៅស្រីរបស់លោកយាយឈ្មោះ Huang Liying បាននិយាយថា “ជីដូនខ្ញុំតែងតែមានសុទិដ្ឋិនិយម ហើយបានប្រាប់ឪពុកខ្ញុំ និងបងប្អូនឱ្យខិតខំរៀនសូត្រ និងចូលរួមចំណែកដល់ប្រទេសជាតិ និងសង្គមនៅពេលធំឡើង”។

កូនប្រុសរបស់នាង Huang Fachang បានខិតខំសិក្សា និងក្លាយជាគ្រូបង្រៀននៅវិទ្យាល័យនៅចុងទសវត្សរ៍ ១៩៧០ បន្ទាប់ពីប្រកួតប្រជែងជាមួយបេក្ខជនរាប់រយនាក់។ គាត់បានស្លាប់នៅឆ្នាំ ២០២២ ដោយទុកឱ្យគ្រួសារបន្តស្វែងរកដំណឹងអំពីឪពុករបស់គាត់។ ឯកសារពីនាយកដ្ឋានរដ្ឋាភិបាលនៃស្រុក Zunyi ដែលទទួលបន្ទុកកិច្ចការជនជាតិចិននៅក្រៅប្រទេសបានបង្ហាញថា លោក Huang Junfu បានតាំងទីលំនៅនៅម៉ាឡេស៊ីតាំងពីឆ្នាំ ១៩៥០ មុននឹងផ្លាស់ទៅសិង្ហបុរីប៉ុន្មានឆ្នាំក្រោយមក ប៉ុន្តែអាជ្ញាធរមិនមានព័ត៌មានបន្ថែមអំពីគាត់ទៀតទេ។

គ្រួសាររបស់លោកយាយ បានព្យាយាមគ្រប់មធ្យោបាយដើម្បីស្វែងរកលោក Huang Junfu ដូចជាការដាក់សេចក្តីជូនដំណឹងនៅក្នុងកាសែត និងជួលទីភ្នាក់ងារបរទេស ប៉ុន្តែគ្មានលទ្ធផល។ ចៅស្រី Huang Liying បាននិយាយថា នៅពេលស្លាប់ ជីដូនរបស់នាងហាក់មានសន្តិភាព ដូចជានាងបានឃើញចក្ខុវិស័យនៃការជួបជុំជាមួយស្វាមីរបស់នាងឡើងវិញ។ គ្រួសារនេះបានសន្យាថានឹងបន្តបំពេញបំណងរបស់នាង ដោយបន្តស្វែងរកលោក Huang Junfu ឬកូនចៅរបស់គាត់ ដើម្បីបញ្ចប់រឿងរ៉ាវដ៏រំជួលចិត្តនេះឱ្យ​ទាល់តែបាន៕

Share.