ក្រចេះ ៖ រថយន្តកូរ៉េទ្រុងមួយគ្រឿងដឹកក្រុមអ្នកសម្តែងល្ខោនបាសាក់ បើកចុះច្រាំងទន្លេដើម្បីឆ្លងដ ស្រាប់តែក្រឡាប់ ចាក់អុីវ៉ាន់ អ្នកជិះពីលើចោល រងរបួសធ្ងន់ស្រាល១៨នាក់ ក្នុងចំណោមក្រុមល្ខោនគ្នា២៦នាក់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ ខេត្ត ស្រុក ចាត់ចែងបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅកំពង់ដឬស្សីចារ ភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ស យ0306 ភព3 ជារថយន្តក្រុមល្ខោនបាសាក់ រស្មីយុវជន ប៉ូវស្រីតី នៅស្រុកមេសាង ខេត្តព្រែង ។
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រុមល្ខោនបាសាក់ខាងលើ មានគ្នា២៤នាក់ បើកចេញពីខេត្តព្រៃវែង ឆ្ពោះទៅសម្តែងនៅស្រុកព្រែកប្រសព្វ ហើយខណៈដែលបើកចុះច្រាំងទន្លេដើម្បីឆ្លងដ បន្តទៅត្រើយម្ខាង ស្រាប់តែក្រឡាប់ បណ្តាលឱ្យរងរបួស១៨នាក់ ក្មេងចំនួន៤នាក់ របួសធ្ងន់៣នាក់ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ខេត្ត ស្រុក ឃុំ ចុះទៅអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ។ ជនរងគ្រោះក្នុងឧប្បត្តិហេតុខាងលើនេះ ត្រូវបានអាជ្ញាធរ ដឹកនាំដោយឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ចុះទៅសាកសួរសុខទុក្ខ ជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ៕

អត្ថបទ៖ តាតុងសែនជ័យ

