សេដ្ឋកិច្ចជាតិ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យភាគីចិនពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

គោលដៅនេះរួមមាន ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន (P2P) និងធុរជននិងធុរជន (B2B) ព្រមទាំងការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណានមកកម្ពុជាឱ្យបាន១លាននាក់ក្នុងឆ្នាំ២០២៥។

ក្នុងជំនួបជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន (Henan Airport Investment Group) និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ឯកឧត្តមបានលើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា និងការគាំទ្រពីរដ្ឋាភិបាល។ ក្រុមហ៊ុនចិនក៏បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសតាមរយៈការចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។

សូមជម្រាបថា ការសហការនេះគឺស្របជាមួយគោលនយោបាយខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងផ្លូវសូត្រអាកាស (Air Silk Road Initiative) របស់ចិន ដែលគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមអាកាស៕

Share.