សេអ៊ូល៖ នៅថ្ងៃចន្ទ ទី១៧ ខែមីនា កូរ៉េខាងជើងបានថ្កោលទោស ប្រមុខការទូតនៃក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយទីក្រុងព្យុងយ៉ាងថែមទាំងបានគំរាមថា នឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែរបន្ថែមជាលំដាប់ ទាំងគុណភាពនិងបរិមាណ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្រោយកិច្ចប្រជុំនៅទីក្រុង La Malbaie ប្រទេសកាណាដា ក្រុមរដ្ឋមន្រ្តីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលបានអំពាវនាវឱ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអភិវឌ្ឍមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែរ ហើយបានថ្កោលទោសចំពោះ ការគាំទ្រជំនួយផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។

បើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខថ្កោលទោស G7 ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ បំពានការអនុវត្តដោយត្រឹមត្រូវ នូវសិទ្ធិអធិបតេយ្យរបស់កូរ៉េខាងជើង ហើយបានប្តេជ្ញាថា នឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ទាំងគុណភាពនិងបរិមាណ ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរពីខាងក្រៅ។

ជាមួយគ្នា​ក្រសួងការបរទេសដដែលបានបន្ថែមថា ក្រុមប្រទេស G7 ដែលបានប្រែក្លាយទៅជាក្រុមឧក្រិដ្ឋជននុយក្លេអ៊ែរ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក គួរតែបោះបង់ចោលនូវមហិច្ឆតាអនាធិបតេយ្យរបស់ខ្លួនសម្រាប់អនុត្តរភាពនុយក្លេអ៊ែរ មុនពេលនិយាយអំពីការរំសាយនុយក្លេអ៊ែរ។

យ៉ាងណា ប្រទេសកូរ៉េខាងជើង បាននិយាយថា ឋានៈជារដ្ឋនុយក្លេអ៊ែរនៃប្រទេសរបស់ខ្លួន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងគ្មានថ្ងៃផ្លាស់ប្តូរជាដាច់ខាត ដោយមិនខ្វល់ថា ពិភពលោកខាងក្រៅ ទទួលស្គាល់ឬមួយក៏អត់នោះឡើយ៕

ប្រភព៖ Yonhap

Share.