ភ្នំពេញ ៖ កំណាត់ផ្លូវចោមចៅ ត្រង់ចំណុចមុខរោងចក្រមួយកន្លែង ជាប់ក្រុមហ៊ុនផលិតម៉ូតូហុងដា ជាប់របងខាងកេីត ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមអ្នកលក់ដូរមួយចំនួន យកចំណីផ្លូវដាក់តាំង តុ របស់របរលក់ដូរ រាល់ថ្ងៃ ធ្វើឱ្យកកស្ទះចរាចរណ៍ រាល់ថ្ងៃ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃទៅហើយ ពិសេសនៅវេលា ម៉ោង៤ និងម៉ោង៦រសៀល មានបងប្អូនអ្នកលក់ដូរមួយចំនួនតូច គាត់យកចំណីផ្លូវចំណុចខាងលេី ធ្វើជាកន្លែងលក់ដូរ បង្កឱ្យបាត់សណ្តាប់ធ្នាប់ដងផ្លូវ កកស្ទះចរាចរណ៍ ស្របពេលដែលបងប្អូនកម្មករចេញឬចូលរោងចក្រទៀតធ្វើឱ្យកាន់តែកកស្ទះស្ទះ។
ពលរដ្ឋបន្តទៀតថា ចំណុចខាងលើ ខាងអាជ្ញាធរសង្កាត់ចុះរៀបចំសណ្តាប់ធ្នាប់ ដូចអូសទូកកាត់ចក បានតែមួយភ្លែតទេ កម្លាំងអាជ្ញាធរទៅបាត់ អ្នកលក់ដូរដាក់មកលើចំណីផ្លូវដដែល។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា មិនថាទីតាំងខាងលេីនោះទេ គឺឱ្យតែមានបងប្អូនអាជីវករដាក់លក់ដូរ ក៏ដូចជាអ្នករំលោភចំណីផ្លូវសារធារណៈលោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ចេញសេចក្តីជូនដំណឹងជាហូហែរផងដែរតែបងប្អូនជាជីវករនៅតែបន្តដាក់លក់ដដែល ។ លោកចៅសង្កាត់បានបន្តថា រងចាំចូលឆ្នាំប្រពៃណីខ្មែររួចលោកនឹងចាត់វិធាការរដ្ឋបាលលេីបងប្អូនអាជីវករណាមិនស្តាប់ ចាប់យកសម្ភារៈមករក្សាទុកនិងធ្វេីកិច្ចសន្យាទៅលេីបុគ្គលនោះ៕

អត្ថបទ៖ តាតុងសែនជ័យ

