មុននឹងស្គាល់ Influencer បរទេសល្បីៗ ដែលធ្លាប់មកលេងកម្សាន្ដនៅប្រទេសកម្ពុជា ហើយលើកសរសើរពីវិស័យទេសចរណ៍ វប្បធម៌ ម្ហូបអាហារ ភាពស្មោះត្រង់ ភាពរួសរាយរាក់ទាក់ស្នាមញញឹមប្រជាជនកម្ពុជា និងសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងប្រទេស យើងមកដឹងអត្ថន័យនៃពាក្យថា Influencer និងគន្លឹះខ្លះៗ ដើម្បីក្លាយជា Influencer ជាមុនសិន។

ពាក្យថា Influencer គឺសំដៅលើអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានឥទ្ធិពលដ៏ល្បីល្បាញ ជាអ្នកដែលអាចនិយាយបញ្ចុះបញ្ជូលណែនាំក្រុមមនុស្សជាអ្នកតាមដាន (Follower) ឬ អ្នកគាំទ្រខ្លួន ឱ្យយល់ដឹង ឬស្វែងយល់ពីរបៀបនៃការរស់នៅ ការណែនាំពីផលិតផល ឬការផ្សព្វផ្សាយណាមួយល្អៗចំពោះពួកគេ។

ចុះតើធ្វើដូចម្ដេច ដើម្បីក្លាយជា Influencer ម្នាក់? ត្រយងនឹងបង្ហើបពីគន្លឹះខ្លះៗ ដើម្បីក្លាយខ្លួនជា Influencer មួយរូប៖ ដើម្បីក្លាយជាអ្នកបង្កើតមាតិកា ឬហៅថា «Influencer» គឺទាល់តែអ្នកចេះច្បាស់ ដឹងច្បាស់ពីមាតិកា ដែលអ្នកបង្កើតជាមុនសិន មិនថាទាក់ទងនឹងសម្រស់ ការកម្សាន្ដ ការគ្រប់គ្រងហិរញ្ញវត្ថុ ការចែករំលែកពីគន្លឹះសំខាន់ៗ (Tips) វប្បធម៌ ម្ហូបអាហារ ឬផ្នែកផ្សេងៗទៀត ព្រោះថា អ្នកគឺជាអ្នកធ្វើការសម្រេចចិត្ត ឬណែនាំឱ្យអ្នកគាំទ្រ ឬអ្នកទស្សនាធ្វើត្រាប់តាម ឬ ស្ដាប់តាមជាដើម។ អ្នកត្រូវស្វែងរកមាតិកាដែលចង់ណែនាំ, ស្វែងរកបណ្ដាញសង្គមណាដែលសមនឹងមាតិការបស់អ្នក មិនថា (Facebook, TikTok, Youtube, Instagram, X (Twitter) ជាដើម, អភិវឌ្ឍយុទ្ធសាស្រ្តនៃមាតិកាខ្លួន, ព្យាយាមបង្កើតមាតិកាជាប់ជាប្រចាំ, ធ្វើមាតិកាឱ្យប្លែកខុសពីគេ, ឆ្លើយតប (Active) ជាមួយអ្នកគាំទ្រ, មានទំនាក់ទំនងដ៏រឹងមាំជាមួយ Influencer ដទៃទៀត, តាមឱ្យទាន់ស្ទាយ៍ និង Trends ថ្មីៗ។

ដោយឡែកងាកមកចាប់អារម្មណ៍ពី Influencer បរទេសល្បីៗ ៥រូប ដែលមកកម្សាន្ដទៅប្រទេសកម្ពុជាយើងវិញម្ដង ថាពួកគេមានចំណាប់អារម្មណ៍ ឬ ទស្សនៈបែបណាពេលមកកម្សាន្ដនៅកម្ពុជា៖

  • Davud Akhunzada ជា Influencer ក្នុងបណ្ដាញសង្គម TikTok មានអ្នកតាមដាន (Followers) ចំនួន 918.3K និងអ្នក Like ចំនួន 18.6M។ លោកជាអ្នកផលិតមាតិកាចែករំលែកពី ទេសចរណ៍ ម្ហូបអាហារ វប្បធម៌ល្អពីកម្ពុជា។
  • TravelwithChris ជា Influencer ក្នុងបណ្ដាញសង្គម TikTok មានអ្នកតាមដាន (Followers) ចំនួន 851.4K និងអ្នក Like ចំនួន 18.5M។ លោកជា អ្នកផលិតមាតិកា (Influencer) មួយរូបដែលទើបតែជួបប្រទះនឹងហេតុការណ៍ចោរឆក់កាបូបគូដណ្ដឹង ប៉ុន្ដែ ៤ម៉ោងក្រោយមកនគរបាលកម្ពុជា បានចាប់ខ្លួនចោរ និងប្រគល់ទ្រព្យសម្បត្តិឱ្យលោក និងគូដណ្ដឹងវិញ។ លោកជាអ្នកផលិតមាតិកាបរទេសដ៏ល្បីមួយរូបដែលចែករំលែកពីវប្បធម៌ ភាពស្មោះត្រង់ ម្ហូបអាហារ សន្ដិសុខសណ្ដាប់ធ្នាប់ល្អនៅប្រទេសកម្ពុជាផងដែរ។
  • Areyouhomeyet ជា Influencer ក្នុងបណ្ដាញសង្គម TikTok មានអ្នកតាមដាន (Followers) ចំនួន 360.6K និងអ្នក Like ចំនួន 8.4M។ លោក ជាអ្នកផលិតមាតិកា​ម្នាក់ចែករំលែកពី សាសនា ការរស់នៅ ភាពស្មោះត្រង់ វប្បធម៌ សន្ដិសុខសណ្ដាប់ធ្នាប់ តម្លៃ រស់ជាតិម្ហូបអាហារតាមដងផ្លូវ បង្អែមខ្មែរ (Street food) នៅប្រទេសកម្ពុជា ហើយលោក ក៏ជាជនបរទេសដែលស្នាក់នៅកម្ពុជារយៈពេលយូរផងដែរ។
  • Uriah Lyford ជា Influencer ក្នុងបណ្ដាញសង្គម TikTok មានអ្នកតាមដាន (Followers) ចំនួន 1.1M និងអ្នក Like ចំនួន 11.5M។ លោក ជាអ្នកផលិតមាតិកាដ៏ល្បីល្បាញ ដោយពលរដ្ឋខ្មែរភាគច្រើនបានស្គាល់រូបលោក និងក្រុមគ្រួសារ។ លោកគឺជាជនជាតិអាមេរិក ដែលទើបទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០២៤ ព្រោះតែលោកបានចេញវីដេអូផ្សព្វផ្សាយពីភាពវិជ្ជមានគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជា ហើយរូបលោក ក៏ស្រឡាញ់ពេញចិត្តនឹងការរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
  • Best Everfood Reviews Show ជាបណ្ដាញសង្គម Tiktok រៀបរាប់ពីម្ហូបអាហារនៅគ្រប់ប្រទេសរបស់លោក William Sonbuchner ដែលជាអ្នកផលិតមាតិកាម្ហូបអាហារ រៀបរាប់ពីតម្លៃ រស់ជាតិ អាហារតាមតំបន់នៅក្នុងប្រទេសនីមួយៗ ទូទាំងពិភពលោក។ លោក ក៏ធ្លាប់លើកសរសើរពីរស់ជាតិអាហារ តម្លៃ និងភាពស្មោះត្រង់របស់ពលរដ្ឋកម្ពុជាផងដែរ។

លើសពីនេះ នៅមានអ្នកផលិតមាតិកាបរទេសល្បីៗ ជាច្រើនរូបទៀតដែលធ្លាប់មកកម្សាន្ដ និងសរសើរពីប្រទេសកម្ពុជាមិនដាច់ពីមាត់ឡើយ។ ដោយពួកគេសុទ្ធតែភ្ញាក់ផ្អើលនឹងសន្ដិសុខសណ្ដាប់ធ្នាប់ របៀបរបបនៃការរស់នៅប្រកបដោយភាពថ្លៃថ្នូរ សកម្មភាពល្អៗ របស់ប្រជាជនកម្ពុជា ​និងកងកម្លាំងនៅក្នុងប្រទេស ដែលទាំងអស់នេះ គឺខុសពីការលើកឡើងពីបណ្ដាប្រទេសជិតខាង មានទំនោរលាបពណ៌ មិនចង់ឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្ដនៅកម្ពុជា។

ជារួមបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់នៅប្រទេសណាក៏ជួបប្រទះដូចគ្នា មិនថាប្រទេសក្នុងតំបន់អាស៊ី ឬ អឺរ៉ុបនោះទេ គ្រាន់តែជួបប្រទះតិច ឬច្រើន អាស្រ័យលើការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងនោះ ពោលគឺមិនអាចសំដៅ ឬធ្វើឱ្យប៉ះពាល់ដល់សន្ដិភាពរបស់ប្រទេសនោះទេ។

តាមរយៈ​អ្វី​ដែលបណ្ដាបុគ្គលល្បីៗបរទេស ជា Influencers បាន​លើកឡើងនោះ គឺជា​ឧទាហរណ៍ជាក់ស្ដែង បង្ហាញ​ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា មាន​សុខសន្តិភាព សុវត្ថិភាព ស្ថេរភាព និង​មានសន្ដិសុខ​សណ្ដាប់ធ្នាប់ល្អ ដូច្នេះភ្ញៀវទេសចរណ៍បរទេស អាចមក​លេងកម្សាន្តនៅ​កម្ពុជាយើង ដោយមាន​ទំនុកចិត្តនិងភាពកក់ក្ដៅ៕

Share.