កម្ពុជា​ត្រូវការ​រ៉ាដា​ព្យាករណ៍​អាកាសធាតុ​ខ្នាត​ធំ​យ៉ាង​ហោច ៣ និង​ខ្នាត​តូច​ប្រមាណ​ជា ១ ០០០ គ្រឿង​ដើម្បី​ធ្វើ​ការ​ព្យាករ​អាកាសធាតុ​ឲ្យ​កាន់​តែ​មាន​ភាព​សុក្រឹត​បន្ថែម​ទៀត​។ រដ្ឋមន្ត្រី​ធនធាន​ទឹក និង​ឧតុនិយម​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ដើមខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ​។

ឯកឧត្ដម ថោ ជេដ្ឋា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ស្ថានីយ​កណ្ដាល​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បំពាក់​ប្រព័ន្ធ​រ៉ាដា​អាកាសធាតុ​ធំ​ជាង​គេ និង​មាន​ស្ថានីយ​តូចៗ​ចំនួន​៣០០​កន្លែង នៅ​តាម​បណ្ដា​ខេត្ត​។ លោក​ថា ចំនួន​ប៉ុណ្ណេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​ព្យាករណ៍​អាកាសធាតុ​ឲ្យ​ឆុត​តាម​ការ​រំពឹង​ទុក​នោះ​ទេ ខណៈ​ប្រពន្ធ​រ៉ាដា​ធំ​ជាង​គេ​ក្នុង​ប្រទេស​នៅ​ស្ថានីយ​កណ្ដាល​ក៏​ហាក់​មាន​អាយុ​ច្រើន​ណាស់​ទៅ​ហើយ​ដែរ​។

ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មាន​គម្រោង​កសាង​ស្ថានីយ​ធំៗ​ចំនួន​៣ បន្ថែម​ទៀត ដោយ​បំពាក់​ប្រព័ន្ធ​រ៉ាដា​ព្យាករណ៍​អាកាស​ធាតុ​ទំនើប​ជាង​មុន​។ គម្រោង​ស្ថានីយ​នេះ​គ្រោង​នឹង​សាងសង់​នៅ ខេត្ត​កំពង់ធំ សៀមរាប និង​តំបន់​មាត់​សមុទ្រ​។ ដូច្នេះ​ប្រព័ន្ធ​រ៉ាដា​ធំៗ​ទាំង​៤ បូករួម​នឹង​ស្ថានីយ​តូចៗ​ពង្រាយ​នៅ​តាម​ខេត្ត វា​នឹង​ធ្វើ​ឲ្យ​ការ​ព្យាករ​អាកាសធាតុ កាន់​តែ​មាន​ភាព​ប្រទាក់​ក្រឡា និង​សុក្រឹតភាព​។ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​រដ្ឋមន្ត្រី​ថា ឧបករណ៍​បំពាក់​សម្រាប់​ស្ថានីយ​ប្រព័ន្ធ​រ៉ាដា​អាកាសធាតុ​មួយ​ឈុត​តម្លៃ​ប្រមាណ ១០ ទៅ ១៥​លាន​ដុល្លារ​។

ព័ត៌មាន​ជាក់លាក់​អំពី​អាកាសធាតុ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវភាព​ប្រជាជន​។ ការ​ព្យាករ​ដឹង​មុន​នូវ​បម្រែបម្រួល​អាកាសធាតុ ក្ដៅ ត្រជាក់ ភ្លៀង ព្យុះ ជាដើម អាច​ឲ្យ​ប្រជាជន​មាន​លទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​ខ្លួន បង្ការ ទប់ទល់ និង​រៀបចំ​ដំណើរ​ជិត​ឆ្ងាយ ឬ មុខ​របរ​រកស៊ី នេះ​បើ​និយាយ​ជា​រួម​។ និយាយ​ដោយ​ឡែក​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កសិកម្ម ដូច្នេះ​ដំណឹង​អាកាសធាតុ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​រៀបចំ​បង្កបង្កើន​ផល​របស់​កសិករ​។

មូល​ហេតុ​ទាំង​អស់​នេះ​ហើយ ដែល​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លើកឡើង​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​ឧតុនិយម​របស់​ជាតិ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.