ប៉ោយប៉ែត៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបណ្តេញជនជាតិថៃ២នាក់ ចេញពីកម្ពុជា និងហាមអ្នកទាំងពីរចូលមកកម្ពុជារយៈពេល៥ឆ្នាំ ក្រោយពីប្រុសស្រីជនជាតិថៃទាំងពីរនាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងលួចឆ្លងដែនដោយខុសច្បាប់។

ការរៀបចំបណេ្តញជនជាតិថៃពីរនាក់នេះធ្វើឡើង កាលពីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣:២៥នាទី ​ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ឋានៈ អនុប្រធាននាយកដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នឹងមានការសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជនជាតិថៃទាំងពីរនាក់៖ ទី១-ឈ្មោះ កាន់យ៉ារ៉ាត់ ស្រ៊ីដា (KANYARAT SRIDA) ភេទស្រី កើតថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៣ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។និងទី២ ឈ្មោះ សុផារ៉ាច ជុំស៊ឺរ (SUPPARACH CHUMSRI) ភេទប្រុស កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១ ពាក់ព័ន្ធបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក វារូនី ម៉ាំងឃន (VARUNEE MANGKORN) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១៣:៤០នាទីថ្ងៃដដែល ៕

អត្ថបទ៖ ចតុម្មុខ

Share.