ព្រះសីហនុ ៖ ផ្ទះលក់បាយរបស់ជនជាតិចិនមួយកន្លែងត្រូវបានឆាបឆេះរាលដល់បន្ទប់ដេក រងខូចខាតទ្រទ្យសម្បត្តិមួយចំនួន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ ពន្លត់ទាន់ពេល មិនរាលដាលទៅបន្ទប់ផ្សេង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅម្តុំចម្ការស្ពៃ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្ទះកើតហេតុ ម្ចាស់ជាជនជាតិចិន បានជួលស្នាក់នៅ និងបើកលក់បាយ រងខូចខាតបន្ទប់ដេកមួយ និងសម្ភារៈក្នុងបន្ទប់ សម្ភារៈផ្ទះបាយ ។

តាមប្រភពបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមមកពីផ្ទុះធុងហ្គាស ឆាបឆេះសម្ភារៈចង្ក្រានបាយ រាលចូលដល់បនហទប់ដេកអស់មួយបន្ទប់ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់យោធា អាវុធហត្ថ ស្នងការខេត្ត ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ មិនបណ្តាលឱ្យរបួសដល់មនុស្សឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

