សិល្បៈជាតិ៖ មួយរយៈពេលកន្លងមកនេះ ប្រទេសកម្ពុជាក្លាយជាទីតាំងសំខាន់ដែលបានរៀបចំព្រឹត្តិការណ៍បែបទេសចរណ៍លំដាប់អន្តរជាតិជាច្រើនប្រកបដោយជោគជ័យ និងសុខសុវត្ថិភាពពេញបរិបូណ៌ ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច សង្គម ទំនាក់ទំនងការទូតអន្តរជាតិ ឧស្សាហកម្មទេសចរណ៍ និងបង្ហាញអរិយធម៌វប្បធម៌ខ្មែរដ៏សម្បូរបែបទៅកាន់ពិភពលោក។
នៅក្នុងព័ត៌មាននេះ សារព័ត៌មានត្រយងនឹងមកនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមករំលឹកអំពី មហាព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកចំនួន៥ ដែលបានមករៀបចំនៅក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ៖
១-កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

ប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា និងបានបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងរាជធានីភ្នំពេញ។
ការធ្វើជាម្ចាស់ផ្ទះនេះគឺជាប្រវត្តិសាស្ត្រលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយក្នុងតំបន់អាស៊ានក្នុងរយៈពេល ៦៤ឆ្នាំកន្លងមក។ ប្រតិភូកីឡា និងអត្តពលិករបស់ប្រទេសជាសមាជិកទាំង១១ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ដែលបានចូលរួមក្នុងការប្រកួតព្រឹត្ដិការណ៍កីឡាមួយនេះមានចំនួនសរុប ១២ ៤០៤ នាក់ ក្នុងវិញ្ញាសាជិត៦០០ និង៣៦ប្រភេទកីឡា។
យ៉ាងណាមិញ តាមរយៈព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រទេសកម្ពុជាទើបតែក្រោកពីវិបត្តិកូវីដ ១៩។
ព្រឹត្តិការណ៍កីឡាដ៏ធំសម្បើមមួយនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាយថវិកាប្រមាណជាង ១១៨លានដុល្លារ រ៉ាប់រងទៅលើការចំណាយទាំងអស់ដោយមិនគិតថ្លៃពីក្រុមអត្តពលិកបរទេសទាំងអស់អាហារ កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ការចូលទស្សនាការប្រកួតឥតគិតថ្លៃ និងការផ្សាយបន្តមិនគិតថ្លៃជាដើម។
២-កម្ពុជាជាទីតាំងរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាទទួលរៀបចំព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗជាច្រើនគ្រឿងបានមកតាំងបង្ហាញនៅមុខប្រាសាទអង្គរវត្ត និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោកមកកម្សាន្តនៅប្រទេសកម្ពុជាយ៉ាងសប្បាយរីករាយ។
ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តសកលលោកមួយនេះ មិនត្រឹមតែបង្ហាញពីប្រណីតភាព និងល្បឿននោះទេ វាក៏បានវេទិកាសកម្មភាពមនុស្សធម៌ជាចម្បង និងបានបង្ហាញអំពីតំបន់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានៅលើអន្តរជាតិដូចគ្នា។
តាមរយៈការរៀបចំការជួបជុំដ៏ធំនេះ ប្រទេសកម្ពុជាទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនមកចូលរួម និងបានជំរុញអាជីវកម្មក្នុងស្រុក ក៏ដូចជាតួអង្គសំខាន់ក្នុងឧស្សាហកម្មទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិដែលជាអនុស្សាវរីយ៍មួយ ដោយធានាថា កម្ពុជាប្រកបដោយស្នាមញញឹមបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងដល់ភ្ញៀវទេសចរ និងប្រជាជន។
៣-កម្ពុជារៀបចំព្រឹត្តិការណ៍ការប្រកួតសម្រស់លំដាប់ពិភពលោក

នៅក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិចំនួន ៣ កម្មវិធីធំៗដូចជា ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Global International 2023 ដែលមានបេក្ខភាពបវរកញ្ញាមកពី ៧៥ ប្រទេស ព្រឹត្តិការណ៍ប្រកួតសម្រស់ Universal Woman International 2024 ដែលមានបេក្ខភាពបវរកញ្ញាប្រមាណជាង ៥០ ប្រទេសមកពីជុំវិញពិភពលោក ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Planet International 2024 ដែលមានបវរកញ្ញាមកពី ៦៨ ប្រទេសចូលរួមប្រកួត។
រាល់បវរកញ្ញាមកពីបណ្ដាប្រទេសនីមួយៗ គ្រប់គ្នាតែងតែថតរូបភាពបង្ហាញពី សម្លៀកបំពាក់អប្សរា អាហារប្រចាំតំបន់ រមណីដ្ឋានអង្គរ និងជាពិសេសបង្អួតអំពីស្នាមញញឹមរបស់ក្រុមការងាររៀបចំ និងអ្នកគាំទ្រនៅកម្ពុជាដែលបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅបំផុត។ ព្រឹត្តិការណ៍ទាំងនេះបានបញ្ចប់ទៅដោយរលូន ដែលសបង្ហាញឱ្យឃើញថាកម្ពុជា មានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ សម្រាប់គ្រប់ព្រឹត្តិការណ៍អន្តរជាតិទាំងអស់។
៤-កម្ពុជាជាទីតាំងរៀបចំព្រឹត្តិការណ៍ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤

តាមរយៈព្រឹត្តិការណ៍ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗមួយចំនួនដើម្បីទទួលភ្ញៀវទេសចរចិនដូចជា ការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ When Shaolin Meets Bokator At Angkor រៀបចំនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ដែលមានភ្ញៀវជាតិ និងភ្ញៀវទេសចរចិន គណៈប្រតិភូ សមាគមនទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជា ៥០០នាក់ចូលរួម។
ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ លើការផ្លាស់ប្តូរវប្បធម៌ប្រជាជន និងប្រជាជន ដោយបានបញ្ចាំងភាពយន្តនៅលើទីតាំងសរុប ២៥ទីតាំង ចាប់ពីខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ឬ Cambodia-China Travel Fair ឆ្នាំ២០២៤ធ្វើឡើងនៅខេត្តសៀមរាប។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅក្នុងអំឡុងពេលនៃការអនុវត្តឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកន្លងមកនេះ ចរន្តភ្ញៀវទេសចរចិនចូលមកកម្សាន្តនៅកម្ពុជា មានកំណើនឡើងគួរឱ្យកត់សម្គាល់ ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់មានភាពល្អប្រសើរឡើងមួយកម្រិត។
នៅឆ្នាំ២០២៤ មានអ្នកទេសចរចិនជាង ៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៣។ សម្រាប់ឆ្នាំ២០២៥នេះ ក្ដីរំពឹងទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុនដល់ទៅ ១លាននាក់។
៥-កម្ពុជាជាទីតាំងរៀបចំព្រឹត្តិការណ៍បង្ហាញគ្រឿងពេជ្រលំដាប់អភិជន BVLGARI នៅសៀមរាប

អាចនិយាយបានថា ពិតជាមោទកភាពណាស់សម្រាប់កម្ពុជា យីហោគ្រឿងពេជ្រដ៏ប្រណីតរបស់អ៊ីតាលីឈ្មោះ BVLGARI បានមករៀបចំកម្មវិធីរាត្រីសមោស BVLGARI AETERNA ដើរបង្ហាញម៉ូដពេជ្រថ្លៃៗនៅឯប្រាសាទបាយ័ន ខេត្តសៀមរាប។ កម្មវិធីលំដាប់អន្តរជាតិមួយនេះរៀបចំឡើងជាលក្ខណៈឯកជន និង ផ្តាច់មុខបំផុតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ដោយមានការចូលរួមពីតារាល្បីៗលំដាប់ៗទាំងជាតិ និងអន្តរជាតិ និងភ្ញៀវកិត្តិយសអ្នកមុខអ្នកការមកពីជុំវិញពិភពលោក។
យ៉ាងណាមិញ ព្រឹត្តិការណ៍មួយនេះ បានទាក់ទាញសារព័ត៌មានហ្វេហ្សិនលំដាប់ពិភពលោកមួយចំនួន មកចុះផ្សាយពីប្រទេសកម្ពុជាកាន់តែ ល្បីរន្ទឺក្នុងការចុះមកថត និង សម្ភាសតារាអន្តរជាតិដែលចូលរួមកម្មវិធីដូចជាទស្សនាវដ្តីហ្វេហ្សិន Harper’s BAZAAR និង ទស្សនាវដ្តី L’Officiel ជាដើម។ ខូឡិកសិនគ្រឿងពេជ្រដែលមានតម្លៃរាប់លានដុល្លារត្រូវបានបង្ហាញភាពចែងចាំងរបស់ខ្លួនយ៉ាងមានសុវត្ថិភាពពេញលេញប្រកបដោយជោគជ័យបំផុតនៅរាត្រីដ៏អស្ចារ្យនោះ។
តាមរយៈមហាព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដែលបានមករៀបចំនៅក្នុងទឹកដីកម្ពុជាយើង បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ពិតជាមានសុខសន្តិភាព សន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពពេញលេញ សម្រាប់ការធ្វើដំណើរកម្សាន្ត ទាំងជាលក្ខណៈឯកជន និងជាលក្ខណៈគ្រួសារ មិនដូចទៅនឹងការចោទប្រកាន់ លាបពណ៌ពីសំណាក់បរទេសនោះឡើយ៕

