វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ នេះ លើការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាបណ្ដោះអាសន្ន ប៉ុន្ដែមិនបានទទួលយកបទឈប់បាញ់ពេញលេញមានរយៈពេល ៣០ថ្ងៃ ដែលលោក ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្ដិភាពអចិន្រ្តៃយ៍មួយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី១៩ ខែមីនា ឆ្នាំ២០២៥។

កាលពីថ្ងៃអង្គារ នេះ មេដឹកនាំ​អាមេរិក និង​រុស្ស៊ី ​បាន​និយាយគ្នាតាមទូរស័ព្ទ រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ ហើយ​អ្នក​ទាំង២ បាន​សម្តែង​ក្តីសង្ឃឹម​ក្នុង​ការស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ឡើងវិញ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីស្ថានភាពអ៊ុយក្រែន មជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតក្នុងតំបន់នោះផងដែរ។

ទាក់ទិននឹងបញ្ហានេះ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេល ៣០ថ្ងៃ ហើយថា លោក ពូទីន បានផ្តល់បញ្ជាដល់យោធារបស់លោករួចអស់ហើយ។

ជាមួយគ្នា សេតវិមានបានឱ្យដឹងថា «មេដឹកនាំបានព្រមព្រៀងគ្នាថា ចលនាឆ្ពោះទៅរកសន្តិភាព នឹងចាប់ផ្តើមជាមួយនឹងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ»។ សេតវិមានបន្ដថា កិច្ចចរចាស្ដីពីសន្ដិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំង២ តែមិនទាន់ច្បាស់ទេថា តើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរ ឬក៏យ៉ាងណានោះទេ។

យ៉ាងណាម៉ិញ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងគាំទ្រសំណើរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យរុស្ស៊ីយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា រុស្ស៊ីកំពុងព្យាយាមពន្យាពេលចរចា ដែលដឹកនាំដោយសហរដ្ឋអាមេរិក អាចជាចេតនាកេងចំណេញពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៊ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន៕

ប្រភព៖ CNA

Share.