ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក KOJI GYOTOKU នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម ម៉ោង ៧:៣០នាទីយប់។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku ថ្លែងថា៖«ពួកយើងរីករាយណាស់ដែលបានមកដល់ទីនេះ។ សម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាម ពួកយើងពិតជាចង់ឈ្នះ ប៉ុន្តែវាពិតជាមិនងាយស្រួលទេ ព្រោះក្រុមជម្រើសជាតិវៀតណាមជាម្ចាស់ជើងឯកពានរង្វាន់ក្នុងតំបន់ និងជាក្រុមដែលល្អបំផុតមួយក្នុងតំបន់អាស៊ាន។ ក្រុមរបស់យើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីកម្រិតរបស់យើងទៅកាន់អ្នកគាំទ្រ»។
ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណាម គោព្រៃកម្ពុជា ត្រូវបន្តជួបក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៧:០០នាទីយប់៕


