កំពង់ចាម៖ ក្នុងកិច្ចប្រជុំដកបទពិសោធន៍អំពីការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរៀបចំឡើងនៅសាលសន្និសិទសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា កត្តាធំៗ ចំនួន ៥ ធ្វើអោយខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង ១០៩ឃុំ/សង្កាត់ លើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បទពិសោធន៍ ដែលនាំអោយខេត្តកំពង់ចាម ឈានទៅសម្រេចជោគជ័យ និងទទួលបានលទ្ធផលជ័យលាភីលេខ១ ទាំង ១០៩ ឃុំ/សង្កាត់ ក្នុងការប្រលងប្រណាំង គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានកត្តាធំៗ ចំនួន៥ រួមមាន.
ទី១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត. ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានរៀបចំផែនការក្នុងការអនុវត្តការងារបានយ៉ាងត្រឹមត្រូវ និងផ្សព្វផ្សាយផែនការ ដល់សមាសភាពពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ មានការគាំទ្រ និងចូលរួមសហការយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសដែលកើតមានឡើង
ទី២- រៀបចំវេទិការសាធារណៈ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រួមមាន វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត, ក្រុង-ស្រុក វេទិការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព នៅតាម ឃុំ/សង្កាត់ ជាប់ជាប្រចាំ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងការន់តែជឿជាក់លើ់ការដឹកនាំរបស់រាជរដ្ឋាភិបាល
ទី៣- កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បទល្មើសមានការថយចុះរហូតដល់ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការបង្ក្រាបបានកម្រិតខ្ពស់ ៩៧% ដែលធ្វើអោយឃុំ-សង្កាត់មានបទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលគ្មានបទល្មើសមានចំនួន៧៩ ឃុំ-សង្កាត់។
ទី៤- ការប្រតិបត្តិការបស់សមត្ថកិច្ច បានបង្ក្រាបចំគោលដៅ ចំមេក្លោង ចំមុខសញ្ញា និងការត្រួតពិនិត្យរដ្ឋបាលចំហរ
និងទី៥- រដ្ឋបាលខេត្តក៏បានដាក់ចេញចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ដើម្បីជំរុញលើក ទឹកចិត្តដល់រដ្ឋបាល ឃុំ-សង្កាត់ក្នុងការខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍនៅមូលដ្ឋាន សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។


ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាន៍ថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ខេត្តដែលទទួលបានជ័យលាភី និងខេត្តដែលមិនទទួលបានជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។



យកឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ដែលមិនទទួលបានជ័យលាភី សូមផ្តោតការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវបទពិសោធន៍ល្អៗ សម្រាប់ជាត្រីវិស័យយកទៅអនុវត្ត ឲ្យទទួលបានជោគជ័យក្នុងការប្រលងប្រណាំង គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៥ នេះ ជាពិសេស ដើម្បី រក្សានូវសុខសន្តិភាព ស្ថេរភាព សម្រាប់ការរស់នៅរបស់ប្រជាជនយើងទាំងអស់គ្នា ផងដែរ ៕
អត្ថបទ÷ អាចារ្យលាក់

