ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នៅព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគ​មនា​គមន៍ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ​អ្នកបង្កើតមាតិកានៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​មាតិការ​ល្អ និងមានអ្នកតាម​ដាន​ទស្សនាច្រើននឹង​អាចរកចំណូលបាន ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok។

ក្រសួងប្រៃសណីយ៍និងទូរគ​មនា​គមន៍ បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន Tik Tok រៀប​ចំ​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ស្ដី​ពី​សុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ក្នុង​គោល​បមណង​ចែក​រំលែក​ព័ត៌មាន​ឧត្តមានុវត្តន៍ នៃការ​ការ​ពា​សុវត្តិភាព​អនឡាញ គោល​ការ​ណ៍​ណៃនាំ​សហគមន៍ និង​ការ​ប្រើ​ប្រាស់បណ្ដាញ​សង្គម​ Tik Tok ប្រកប​ដោយ​សុវត្តិភាព​ដល់​ក្រសួង​ ស្ថាប័ន អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​មាតិកានៅ​កម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត បាន​​បញ្ជាក់ថា ​កាលពី​ពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ហើយនាពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន​។

ឯកឧត្តម បាន​បន្ថែម​ថា យ៉ាងនេះក្តី លោកលើកទឹកចិត្តឱ្យអ្នក​បង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ​។

ជាចុង​បញ្ចប់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគ​មនា​គមន៍ ក៏​បាន​លើកទឹក​ចិត្ត​ដល់​អ្នក​បង្កើត​មាតិការ​នៅ​កម្ពូជា ចូល​រួម​ប្រើប្រាស់​បណ្ដាញ​សង្គម​ Tik Tok ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីព​របស់​ខ្លួន ក៏​ដូច​ជា​យល់​ដឹង​ឱ្យ​បាន​កាន់​តែ​ច្រើន អំពី​កា​ចូល​រួមនៅ​ថ្ងៃ​ពី​ការ​ទាញ​យក​ចំណូល​បាន​កាន់​តែ​ច្រើននៅ​កម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok មាន​ការ​ចូល​រួមដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគ​មនា​គមន៍ ​និង​ធ្វើ​បទបង្ហាញ​ពី​លោក​ស្រី Siriprapa Weerachaising អ្នក​គ្រប់​គ្រង់​ផ្នែក​ផ្សព្វ​ផ្សាយ​ និង​ដៃគូរបស់​ក្រុម​ហ៊ុន Tik Tok ស្ដី​ពី​ការ​អនុវត្តសុវត្តិភាពអនឡាញ និង​គោល​ការណ៍​ណែនាំសហគមនថ្នាក់​របស់ Tik Tok លោក​ ស្រេង សៅរ័ត្ន អនុប្រធាន​នាយកដ្ឋាន នៃនិយ័តករទូរគមនាគមន៍កម្ពុជា និងចុង​ក្រោយ​លោក Ithikorn Tritasavit អ្នក​គ្រប់​គ្រង់​ផ្នែក​គោល​នយោ​បាយ​សាធារណ:របស់​ក្រុម​ហ៊ុន Tik Tok ប្រចាំកម្ពុជា ថៃ មីយ៉ាន់​យ៉ា និងឡាវ៕

រូបតំណាង

Share.