បាត់ដំបង៖ គណ:កម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ខេត្តបាត់ដំបងបានឲ្យដឹងថា សង្ក្រាន្តឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បច្ចុប្បន្នកំពុងរៀបចំតុបតែងលម្អភ្លើងពណ៌តាមដើមឈើតូចធំ លើស្ពានថ្មទាំង ៥ និងតាមមណ្ឌលកម្សាន្តផ្សេងៗ។ សង្ក្រាន្តបាត់ដំបងខាងមុខនេះ ក៏បានផ្តល់ឱកាសបងប្អូនប្រជាពលរដ្ឋ ជាអាជីវករបានដាក់តាំងលក់ផលិតផលក្នុងស្រុកច្រើនមុខ ផ្តោតការលើកកម្ពស់ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ នៅចំណោមការរៀបចំពិព័រណ៍ជាច្រើនស្តង់ទៀតប្របតាមបណ្តោយស្ទឹងសង្កែ។

ទីតាំងរៀបចំសង្រ្កានឆ្នាំ២០២៥នេះ មានចំនួន១១តំបន់សំខាន់ៗ រួមមាន តំបន់ក្លោងទ្វារសង្រ្កាន្ត, តំបន់វេទិកាបើកព្រឹត្តិការណ៍, តំបន់ត្រជាក់ចិត្ត,តំបន់ពាងទឹក, តំបន់ភូមិយើង ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក, ពិព័រណ៍ភូមិ១ ផលិតផល១ និងទីតាំងលេងល្បែងប្រជាប្រិយខ្មែរ។ ក្រៅពីនេះក៏មានមណ្ឌលកម្សាន្តផ្សេងៗជាច្រើនទៀតដូចជា តំបន់ត្រជាក់ចិត្តធ្លាក់ព្រិល តំបន់ភូមិយើង តំបន់ល្បែងប្រជាប្រិយបុរាណខ្មែរ តំបន់ទស្សនីយភាពសិល្បៈតន្ត្រីបុរាណ សម័យ តំបន់សាសនាសម្រាប់ពុទ្ធសាសនិកជនខ្មែរគោរពបូជា អមជាមួយសំណាកផ្លែឈើយក្សប្រចាំតំបន់រួមមាន: ផ្លែពោតយក្ស ផ្លែក្រូចយក្ស ផ្លែដូងខ្ទិះ ជាដើម។

លើសពីនោះដើម្បីធានាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្កបរិយាកាសរីករាយដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ថា ក្រោយបិទបញ្ចប់កិច្ចសវនកម្មក្រោមការផ្តោតលើផែនការ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការបញ្ចៀសចរាចរណ៍តាមគោលដៅមួយចំនួន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅជំហានទីមួយនេះបានត្រៀមប្រើប្រាស់ និងបែងចែកកម្លាំងជំនាញចំនួន ៨០១នាក់ដើម្បីការពារឲ្យខានតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅខេត្តដែលអញ្ជើញមកចូលរួមទស្សនាលេងកម្សាន្តក្នុងពិធីបុណ្យសង្ក្រាន្តប្រពៃណីជាតិខ្មែរ រយ:ពេល ៥ថ្ងៃ ខាងមុខដ៏ខ្លីនេះ។


ផ្អែកតាមស្ថានភាពជាក់ស្តែង និងបទពិសោធកន្លងមកក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ មានការមមាញឹកខ្លាំង បងប្អូនប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តកុះករ ចាំបាច់តម្រូវឱ្យមន្ត្រីជំនាញបិទចរាចរណ៍នៅផ្នែកខ្លះៗតាមបច្ចេកទេស តាមសភាពជាក់ស្តែងដែលអាចសម្រួលទៅបានដូចជា: ការធ្វើចរាចរណ៍មួយចំនួន បូកដោយយានយន្តធំ និងតូចឆ្លងកាត់ទៅមកត្រូវបិទជាអន្លើ ប៉ុន្តែត្រូវបានសម្រួលបញ្ចៀសធ្វើដំណើរតាមកំណាត់ផ្លូវផ្សេងៗ។

សូមរំលឹកឡើងវិញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុងបាត់ដំបង ត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារចំណោម ៥៥ប្រទេស៕

