សិល្បៈជាតិ៖ នៅពេលដែលប្រទេសជិតខាងសម្រុកវែកញែកលើរូបសម្រស់បុរសឯកកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីមួយនោះ ស្រាប់តែបវរកញ្ញាខ្មែរក្រោម ឆន ស្រីណេត ចេញមុខតបតយ៉ាងពេញទំហឹង ដោយមិនបារម្ភបញ្ហាឈរ​ជើង​បានយូរ ឬមិនបានយូរនៅលើវិស័យបវរកញ្ញានៅឡើយ។

ឆន ស្រីណេត បានឈឺចាប់ជំនួសបេក្ខភាពបេក្ខជនបុរសឯក ដោយបង្ហោះសារឡើងថា «គេយកទៅសើចយំឱ្យខ្មែរយើងទាំង Page ធំ Page តូច ខាងលិចផង ខាងកើតផង គេយកទៅលេងសើចយំឱ្យល្បីបាតហើយខ្មែរ។»

បញ្ហានេះកើតឡើងមានបន្ទាប់ពីមានអ្នកកាន់ផេកគាំទ្របវរកញ្ញា និងអ្នកគាំទ្រវិស័យប្រកួតសម្រស់នៅប្រទេសថៃ និងវៀតណាម នាំគ្នានិយាយឡកឡាយលែបខាយផ្លែផ្កាសម្ដីមើលងាយរូបសម្រស់បុរសឯកនៅកម្ពុជាដែលបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីមួយដែលទើបតែបង្ហាញមុខបេក្ខភាពនាពេលថ្មីៗនេះ។

បវរកញ្ញាមកពីខ្មែរក្រោមរូបនេះបន្តបានបង្ហោះសំណេររៀបរាប់ថា ៖ «អ្នកខ្លះថាឱ្យខ្ញុំ ប្អូនប្រយ័ត្នឈជើងក្នុងវិស័យនេះមិនបានយូរ ដោយសារខ្ញុំ Share ពីរឿងគេមកសើចចំអកប៉ះជាតិឯង មើលងាយជាតិឯង ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំចេះឈឺរអាល មិនមែនគិតតែពីខ្លួនឯង ហើយមិនហ៊ាននិយាយ មិនហ៊ានចេញមតិ ដើម្បីការពាកេរ្តិ៏ឈ្មោះប្រទេសជាតិខ្លួនឯងទេ ។ ចង់បញ្ជាក់ រឿងជាតិធំសម្រប់ការឈជើងក្នុងវិស័យណាមួយ ឬ បុគ្គលណាម្នាក់ ពេលខ្លះរឿងខ្លះត្រូវនិយាយៗហើយ បើវាមានផលប៉ះពល់ដល់កេរ្តិ៍ឈ្មោះជាតិ»។

គួររំលឹកថា កន្លងមកប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញសង្គមផ្ទុះការវែកញែកដូចបាយពុះចំពោះកម្មវិធីប្រកួតសម្រស់មួយពាក់ព័ន្ធនឹងសម្រស់របស់បេក្ខភាពថា មិនស្អាត មិនស័ក្ដសមជាអ្នកប្រកួតកម្មពិធីសម្រស់ ឬអ្នកតំណាងជាតិជាដើម ។ ទោះជាយ៉ាងនោះក្ដី វាគ្រាន់តែជ្រុងមួយនៃកម្មពិធីតែប៉ុណ្ណោះ ខណៈអ្នករៀបចំកម្មវិធីលើងឡើងថា កម្មពិធីប្រកួតសម្រស់មួយនេះក៏មានបេក្ខភាពមានរូបសម្រស់ស្អាត និងសង្ហាជាច្រើននាក់ផងដែរ ៕

Share.