សិល្បៈអន្តរជាតិ៖ តាមរយៈសារព័ត៌មានកម្សាន្តថៃ EJan បានចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ សមត្ថកិច្ចថៃបានឃាត់ខ្លួនមេខ្លោងក្រុមចម្រៀងល្បីថៃ I-ZAX គឺលោក Zack ជាតារាចម្រៀងល្បីនៅទសវត្សរ៍ទី ៩០ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន និងបានរកឃើញមានតារាល្បីៗជាង ១០០ នាក់ផ្សេងទៀតសុទ្ធតែជាប់ពាក់ព័ន្ធ។

លោក Prin Mekhanan ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានប្រកាសនៅក្នុងសន្និសីទ្ធព័ត៌មានឱ្យដឹងថា ករណីឃាត់ខ្លួនតារាចម្រៀងល្បីខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីបើកការស៊ើបអង្កេតហើយរកឃើញថា ជនជាតិថៃ ២នាក់ត្រូវបានចាប់ខ្លួននៅប្រទេសចិនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅលើបណ្ដាញសង្គមអនឡាញន៍ដែលជាប្រភេទម៉ាទឹកកក និងបានបន្តជួញដូរតាមរយៈគ្រុប Line នៅក្នុងក្លឹបកម្សាន្តតំបន់ Suthisan និង Ratchada។

បើតាមប្រភពពី Amarintv បានផ្សាយឱ្យដឹងបន្ថែមថា តារាចម្រៀងប្រុសដែលជាមេក្រុម I-ZAX បានលួចលាក់ប្រើប្រាស់ និងទិញថ្នាំញៀនប្រភេទម៉ាទឹកកកនេះជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃៗមានចំនួនចន្លោះពី ១ ទៅ ២ ក្រាមជាប្រចាំ។

សមត្ថកិច្ចថៃអះអាងថា ក្រៅពីមេក្រុមចម្រៀងល្បីដែលធ្លាប់គ្រប់តារាចម្រៀងផ្សេងៗនៅក្នុងរង្វង់សិល្បៈជាអ្នកប្រើប្រាស់ និងជួញដូរហើយនោះ ក្នុងនោះតារាល្បីៗ ១០០ នាក់ផ្សេងទៀតសុទ្ធតែជាប់ពាក់ព័ន្ធ និងបានទិញថ្នាំ​ញៀន​នៅក្នុងគ្រុប Line។

យ៉ាងណាមិញ សមត្ថកិច្ចថៃប្រមូលបានវត្ថុតាងរួម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន គ្រីស្តាល់ មាស ពណ៌ផ្កាឈូក និងអេកស្តាស៊ី ដែលបានលាក់ទុកក្នុងប្រអប់គ្រឿងសំអាងដើម្បីប្រគល់ជូនអតិថិជន។ រួមទាំងវត្ថុតាងមួយចំនួនផ្សេងទៀតដូចជា មេតំហ្វេតាមីន កេតាមីន MDMA ឧបករណ៍វេចខ្ចប់មាត្រដ្ឋានឌីជីថល ម៉ូតូចំនួន១៥គ្រឿង និងសៀវភៅគណនីធនាគារ។

សូមជម្រាបតារាចម្រៀងថៃវ័យ ៤៧ ឆ្នាំដែលធ្លាប់ជ្រកកោនក្រោមផលិតកម្ម GMM រូបនេះព្រមសារភាពទទួលទោស ដើម្បីបញ្ចប់រឿងនេះមិនបន្តនិតិវិធីទៅដល់តុលាការ ដែលបទចោទប្រកាន់ កាន់កាប់គ្រឿងញៀន មានទោស​​ជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ២ម៉ឺនបាត ទៅ ១០ម៉ឺនបាត។ ដោយឡែក សមត្ថកិច្ចថៃនៅតែបន្តស៊ើបអង្កេតនិងចាប់ខ្លួនក្រុមតារាល្បីៗផ្សេងៗទៀត ដើម្បីដំណើរការតាមនិតិវិធីផងដែរ៕

Share.