វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលរំពឹងទុកជាយូរមកហើយ នៅថ្ងៃព្រហស្បតិ៍ នេះ ដែលមានគោលបំណងបិទក្រសួងអប់រំអាមេរិក ដោយចាត់វិធានការលើការសន្យាយុទ្ធនាការដ៏សំខាន់មួយ នេះបើយោងតាមសេចក្តីសង្ខេបរបស់សេតវិមានឃើញដោយ Reuters នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ចំណាត់ការនេះត្រូវបានតតាំងរួចមកហើយ ដោយក្រុមផ្លូវច្បាប់របស់បណ្ដារដ្ឋឈរខាងបក្សប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងរារាំងលោក ត្រាំ មិនឱ្យរុះរើក្រសួងអប់រំ និងបញ្ឈប់ការបណ្ដេញបុគ្គលិកជិតពាក់កណ្តាលនៃកម្លាំងពលកម្មរបស់ខ្លួន ដែលបានប្រកាសកាលពីសប្តាហ៍មុន។

លោក ត្រាំ និងទីប្រឹក្សាមហាសេដ្ឋីរបស់ខ្លួន គឺលោក Elon Musk បានព្យាយាមបិទកម្មវិធី និងស្ថាប័នរដ្ឋាភិបាលជាច្រើន ដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) ជាដើម ដោយមិនមានការយល់ព្រមពីសភា ប៉ុន្តែការលុបចោលក្រសួងអប់រំនេះ នឹងក្លាយជាការប៉ុនប៉ងលើកដំបូងរបស់លោក ត្រាំ ក្នុងការបិទទីភ្នាក់ងារកម្រិតគណៈរដ្ឋមន្ត្រី។

លោក ត្រាំ មិនអាចបិទក្រសួងអប់រំដោយពុំមានការអនុម័តពីសភាបានទេ ដែលនេះអាចជាជំហានដ៏ពិបាក។ សមាជិកបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទទួលបានសំឡេងភាគច្រើន ៥៣ ទល់នឹង៤៧ នៅក្នុងព្រឹទ្ធសភា ប៉ុន្តែច្បាប់សំខាន់ៗដូចជា សំណើលុបបំបាត់ភ្នាក់ងារកម្រិតគណៈរដ្ឋមន្ត្រីបែបនេះនឹងត្រូវការ ៦០សំឡេង ហើយដូច្នេះនឹងត្រូវការការគាំទ្រពីអ្នកប្រជាធិបតេយ្យបន្ថែម ខណៈអ្នកទាំងនោះហាក់មិនគាំទ្រលើជំហាននេះទេ៕

ប្រភព៖ Reuters

Share.