ការបង្ក្រាបថ្មីៗនេះដោយប្រទេសថៃនិងចិនលើទីតាំងឆបោកនៅប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីឆន្ទៈរបស់ទីក្រុងប៉េកាំងក្នុងការដាក់សម្ពាធដើម្បីការពារប្រជាជននិងផលប្រយោជន៍របស់ខ្លួន នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ ប៉ុន្តែវាមិនទំនងថានឹងពង្រីកទៅជាសកម្មភាពទូទាំងតំបន់ដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនទាំងនេះឡើយ។

ការបង្ក្រាបរួមគ្នារបស់ប្រទេសថៃនិងចិនលើប្រតិបត្តិការឆបោកឆ្លងដែននៅតំបន់ជាប់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា មិនទំនងនឹងអាចទប់ស្កាត់ឧក្រិដ្ឋកម្មដែលកំពុង «រីកចម្រើន» និងពង្រីកខ្លួនខ្លាំងទូទាំងតំបន់នេះបានទេ នេះបើតាមការវិភាគរបស់អ្នកវិភាគ។ ក្រុមឧក្រិដ្ឋជនទាំងនេះ ត្រូវបានរាយការណ៍ថាភាគច្រើនគ្រប់គ្រងដោយជនជាតិចិនបានប្រតិបត្តិការនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជានៅកម្ពុជា និងឡាវ។ ពួកគេត្រូវបានគេជឿថាអាចរកចំណូលបានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំដោយប្រើប្រាស់កម្លាំងពលកម្មជាច្រើន ដែលជារឿយៗជាជនដែលត្រូវបានគេចាប់ធ្វើជាទាសករ មកពីជុំវិញពិភពលោក។
បុគ្គលទាំងអស់នោះ ជាទូទៅត្រូវបានសន្យាថានឹងផ្តល់ការងារផ្នែកបច្ចេកវិទ្យាព័ត៌មានដែលមានប្រាក់ខែខ្ពស់ តែត្រូវបានគេបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញជាច្រើនរូបភាព ចាប់ពីគម្រោងអចលនទ្រព្យការបោកប្រាស់តាម WhatsApp និង Facebook រហូតដល់ការបញ្ឆោតផ្នែកស្នេហាដែលប្រែទៅជាផែនការវិនិយោគក្លែងក្លាយ។

ពួកគេទាំងនោះ ត្រូវបានគេឃុំឃាំងនៅក្នុងទីតាំងដ៏ស្មុគស្មាញ ដើម្បីធ្វើប្រតិបត្តិការទាំងនៅតំបន់គ្មានច្បាប់ នៃព្រៃដែលត្រូវបានគេឈូសឆាយនិងនៅកណ្តាលទីក្រុងធំៗក្នុងតំបន់។ អ្នកជំនាញបានប្រាប់ CNA ថា ក្រោមសម្ពាធពីប្រទេសចិន ប្រទេសថៃបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយបានបិទភ្លើង និងសេវាទូរគមនាគមន៍នៅទីតាំងឆបោកក្នុងទីក្រុង Myawaddy របស់ មីយ៉ាន់ម៉ា។ ការដាច់ភ្លើងនៅដើមខែកុម្ភៈបានកើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៥ ដល់ ៨ ខែកុម្ភៈ ដែលត្រូវបានគេរាយការណ៍ថាលោកស្រីបានពិភាក្សាបញ្ហាឆបោកជាមួយប្រធានាធិបតីចិន លោក Xi Jinping។
ប្រទេសថៃក៏បានដាក់ពង្រាយកងទ័ពនៅតាមច្រកព្រំដែនដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់និងបានចេញដីកាចាប់ខ្លួនមេដឹកនាំសំខាន់ៗនៃក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់ផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាម និងជាទីតាំងរបស់ទីតាំងឆបោកទាំងនេះផងដែរ។
កម្មកររាប់ពាន់នាក់ពីប្រតិបត្តិការឆបោក ដែលនៅជាប់ឃុំឃាំង ក្នុងទីតាំងឆបោកត្រូវបានដោះលែង ចេញពីក្រុង Myawaddy ដែលនៅជិតទីក្រុង Mae Sot របស់ថៃ។ ខណៈដែលទីក្រុងប៉េកាំងបានបង្កើនសម្ពាធលើទីតាំងឧក្រិដ្ឋកម្មនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅភាគអាគ្នេយ៍មីយ៉ាន់ម៉ា អ្នកជំនាញនិយាយថាវាទំនងជាផ្តោតលើការជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធក្នុងឧស្សាហកម្ម និងកំណត់គោលដៅលើឧក្រិដ្ឋជនដែលបោកប្រាស់ប្រជាជននៅក្នុងប្រទេសចិន។
អ្នកជំនាញបាននិយាយទៀតថា ប្រទេសថៃផងដែរ ទំនងជាផ្តោតលើការពិចារណានយោបាយភ្លាមៗនិងការលំបាកផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយវិបត្តិទីតាំងឆបោកនៅតាមព្រំដែន ជាជាងការព្យាយាមសម្អាតឱ្យអស់នូវអ្វីដែលការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ពណ៌នាថាជា «ប្រតិបត្តិការជួញដូរមនុស្សដែលសម្របសម្រួលធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ»៕
ប្រភព៖ CNA

