ភ្នំពេញ – នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍។ កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូ និងបានផ្តល់ព័ត៌មានសង្ខេបអំពីគោលនយោបាយវិនិយោគរបស់កម្ពុជា។ ឯកឧត្តមបានរៀបរាប់ពីការលើកទឹកចិត្តដ៏ទាក់ទាញនៃច្បាប់វិនិយោគបច្ចុប្បន្ន ការប្រព្រឹត្តស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែអំណោយផល។ ទន្ទឹមនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យលោក GIAFAR SAFAVERDI ពន្លឿនការសម្រេចចិត្តវិនិយោគនៅកម្ពុជា ដើម្បីទទួលផលចំណេញឆាប់រហ័ស។

ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងព័ត៌មានជាក់ស្តែងដែលជួយឱ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងការសម្រេចចិត្ត។ លោកបានបញ្ជាក់ថា នេះជាលើកដំបូងដែល IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារកម្ពុជា ដើម្បីពង្រីកវិនិយោគរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។

សូមជម្រាបថា IKEA ជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះរកចំណូលបានប្រមាណ ២៦,៥ ពាន់លានអឺរ៉ូ (ស្មើប្រមាណ ២៩ ពាន់លានដុល្លារអាមេរិក)។ នៅអាស៊ីអាគ្នេយ៍ IKEA បានវិនិយោគនៅប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងវៀតណាម ហើយកម្ពុជាអាចជាគោលដៅបន្ទាប់៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Share.