ស្វាយរៀង ៖ រថយន្ត Visto មួយគ្រឿង គ្រាដែលកំពុងបើកបរ សង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែឆាបឆេះសន្ធោសន្ធៅ ខ្ទេចអស់ សល់តែគ្រោងដែក បង្កឱ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវ៣១៤ដេ ក្នុងភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើកំពុងបើកបរតាមផ្លូវកៅស៊ូ៣១៤ដេ ដល់ចំណុចកើតហេតុសង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែឆាបឆេះសន្ធោសន្ធៅឡើង ផ្អើលអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកកំពង់រោទ៍មួយគ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ។

រថយន្តមួយគ្រឿងរងខូចខាតទាំងស្រុង សល់តែគ្រោងដែក តែមិនបង្កឱ្យអ្នកណារងរបួស ក្រោយកើតហេតុ សមត្ថកិច្ចលើកអូសដាក់កៀនខាង ប្រគល់ឱ្យម្ចាស់ចាត់ចែងយកទៅខ្លួនឯង៕

អត្ថបទ៖ តាតុងសែនជ័យ

