ត្បូងឃ្មុំ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរ ដល់សុខទុក្ខរបស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយសង្គ្រោះបានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស ដោយមិនទុកឱ្យកូនចៅណាម្នាក់ចោលនោះឡើយ ។

ដើម្បីជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាស្រុក អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងឃុំកោងកាង ៣៣ គ្រួសារ និងឃុំពពេល ១១ គ្រួសារ នៅបរិវេណវត្តបូរណញាណ (វត្តកោងកាង) និងចាត់ក្រុមការងារនាំយកប្រគល់ដោយផ្ទាល់ តាមខ្នងផ្ទះ ចំនួន ៤ គ្រួសារ ក្នុងឃុំដូនតី សរុបចំនួន ៤៨ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬ សាសនា អ្វីឡើយ បើទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏សម្តេច តែងបានចាត់តំណាង ដែលមានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា ដូចពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

ឯកឧត្តម ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ពីសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន។ ទន្ទឹមនោះ ឯកឧត្តមប្រធានគណៈកម្មាធិការ ក៏បានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងវិស័យជំនាញ ត្រូវអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ឆ្លើយតបចំគោលដៅ នូវសកម្មភាពគ្រោះមហន្តរាយផ្សេងៗ ក្នុងសហគមន៍ និងការខ្វះខាតពិតប្រាកដ ប្រកបដោយតម្លាភាព ។

ក្នុងឱកាសសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះ ប្រជាពលរដ្ឋងងាយរងគ្រោះខាងលើនេះ បានបង្ហាញនូវការសប្បាយចិត្ដយ៉ាងខ្លាំង ដែលទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនភ្លេច និងខ្វះខ្វាយពីសុខទុក្ខរបស់ប្រពលរដ្ឋ គ្រប់កាលៈទេសៈ ។
ឯកឧត្តម ប៉ែន កុសល្យ និងប្រតិភូ ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្ត បូរណញាណ (វត្តកោងកាង) នូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនផងដែរ ។

សូមជម្រាបថា សម្រាប់គ្រួសារងាយរងគ្រោះបំផុតនីមួយៗខាងលើនេះ បានទទួលនូវអំណោយមនុស្សធម៌ មានដូចជា៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១លីត្រ និងថវិកាមួយចំនួនទៀត ៕
អត្ថបទ៖ អាចារ្យលាក់

