សហជីពគ្រូបង្រៀនដ៏ធំមួយនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រសួងអប់រំ ដោយចោទប្រកាន់រដ្ឋបាលប្រធានាធិបតី ត្រាំ ជុំវិញការលុបចោលនូវរបៀបសងប្រាក់កម្ចី ទៅតាមលទ្ធភាពនៃប្រាក់ចំណូល សម្រាប់សិស្សនិស្សិតអាមេរិករាប់លាននាក់ ដែលកំពុងជាប់បំណុលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥។

គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។

ការប្ដឹងនេះបានកើតឡើង បន្ទាប់ពីក្រសួងបានផ្អាកដំណើរការកម្មវិធីសម្រាប់ផែនការសងប្រាក់កម្ចីរបស់សិស្សទៅតាមលទ្ធភាពកាលពីខែមុន ដោយពាក្យបណ្ដឹងនឹងបញ្ជូនទៅតុលាការសហព័ន្ធក្នុងទីក្រុង Washington DC ។

ក្នុងពាក្យបណ្តឹងដាក់ជូនតុលាការសហព័ន្ធ នាដើមសប្តាហ៍នេះ សហជីពគ្រូបង្រៀន The American Federation of Teachers បានប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ក្រសួងអប់រំអាមេរិក ដែលកាលពីខែមុន សម្រាប់ការបញ្ឈប់លទ្ធភាពសងប្រាក់តាមរបៀបនេះ។

យ៉ាងណាម៉ិញ ចំណាត់ការរបស់ក្រសួងអប់រំ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍សហព័ន្ធ សម្រេចថា អតីតរដ្ឋបាលលោក ចូ បៃដិន លែងមានសិទ្ធិអំណាចក្នុងការបន្តកម្មវិធីបន្ធូរបន្ថយបំណុលដល់សិស្ស ដែលបង្កើតឡើងដើម្បីកាត់បន្ថយថ្លៃទូទាត់ប្រចាំខែ សម្រាប់អ្នកប្រើប្រាស់កម្ចីរាប់លាននាក់៕

