ហ្សាកាតា៖ សភាឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា នេះ បានអនុម័តច្បាប់វិសោធនកម្មដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឱ្យសមាជិកយោធាកាន់តួនាទីបានច្រើនជាងមុនក្នុងរដ្ឋាភិបាល ទោះររិះគន់ថា វានឹងពង្រីកតួនាទីកងកម្លាំងប្រដាប់អាវុធ នៅក្នុងកិច្ចការស៊ីវិលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ឮ

ការកែសម្រួលនេះ បានបង្កឱ្យមានក្តីបារម្ភអំពី ការវិលត្រឡប់មកវិញនៃយុគសម័យរបស់ អតីតមេដឹកនាំផ្តាច់ការ Suharto ដែលជាបុគ្គលលោក Prabowo ធ្លាប់បម្រើក្នុងនាមជាឧត្តមសេនីយ៍ម្នាក់ និងដែលជាបុគ្គលបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបង្រ្កាបលើក្រុមប្រឆាំង។
យ៉ាងណា ការធ្វើវិសោធនកម្មច្បាប់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានជំរុញជាចម្បងដោយរដ្ឋាភិបាលចម្រុះ របស់ប្រធានាធិបតី លោក Prabowo Subianto មានគោលដៅពង្រីកតួនាទីរបស់យោធា ឱ្យលើសពីវិស័យការពារជាតិ។

លោកប្រធានាធិបតី Prabowo Subianto ដែលបានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំមុន និងជាមេបញ្ជាការកងកម្លាំងពិសេសក្រោមការដឹកនាំរបស់អតីតមេដឹកនាំផ្ដាច់ការ Suharto បានពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងតំបន់ដែលត្រូវបានគេចាត់ទុកថាជា តំបន់ស៊ីវិល។
ទាក់ទិននឹងបញ្ហានេះ ក្រុមសិទ្ធិមនុស្សបានរិះគន់ការកើនឡើងនៃការចូលរួមរបស់យោធា ដោយព្រួយបារម្ភថា វាឆ្ពោះទៅរកការរំលោភអំណាច ការរំលោភសិទ្ធិមនុស្ស និងនិទណ្ឌភាព។



យ៉ាងណាមិញ កាលពីសប្តាហ៍មុន ប្រមុខយោធាឥណ្ឌូណេស៊ី លោក Agus Subiyanto បានប្រាប់ទៅកាន់ក្រុមសភាថា ច្បាប់យោធាខាងលើ ដែលត្រូវបានអនុម័តដំបូង តាំងតែពីឆ្នាំ២០០៤ គឺមិនទាន់សម័យកាល និងមិនសមស្របសម្រាប់ប្រើប្រាស់ទៀតទេ ដូច្នេះហើយទើបតម្រូវឱ្យមានការធ្វើវិសោធនកម្មថ្មី។
គួរបញ្ជាក់ថា នៅក្រោមច្បាប់មុន ដើម្បីអាចកាន់តួនាទីស៊ីវិល នៅក្នុងស្ថាប័ន្ធរដ្ឋាភិបាលដទៃបាន លុះត្រាតែមន្រ្តីយោធា ត្រូវលាលែងពីតំណែង ឬចូលនិវត្តន៍ពីវិស័យយោធាជាមុនសិន។ ប៉ុន្ដែ ច្បាប់ដែលត្រូវបានកែសម្រួលនាពេលនេះ អនុញ្ញាតឱ្យមន្រ្តីយោធាអាចកាន់តួនាទីនៅក្នុងស្ថាប័នរដ្ឋាភិបាលសរុបចំនួន១៤ រួមទាំងការិយាល័យអគ្គរដ្ឋអាជ្ញា និងទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្ដរាយផងដែរ៕

