សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានលើកឡើងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៥នេះថា អ្នកដែលធ្លាប់បំបែកគណបក្សប្រជាជនទាំង ប៉ុន្មានគឺបែកខ្លួនឯងទាំងអស់។ក្នុងន័យនេះ សម្តេចបានអំពាវនាវសូមកុំឲ្យគណបក្សនានាព្យាយាមបំបែកគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់ប្រមុខបក្សកាន់អំណាចយ៉ាងដូច្នេះ បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
បើតាមសម្តេចតេជោ បន្ទាប់ពីសម្តេចបានបង្ហោះព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រអំពីការ ផ្តល់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅតាមបណ្តាសង្គមមានអ្នកសួរសម្តេចអំពីសម្តេចក្រឡហោមស ខេង រឿងឋានន្តរស័ក្តិដូច គ្នានេះ។
សម្តេចតេជោ បានចាត់ទុកសំណួរបែបនេះថា ជាសំណួរដែលមានចេតនាចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។សម្តេចបានពន្យល់ដែរថា សម្រាប់សម្តេចក្រឡាហោម ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែរនោះ គឺមិនអាចទទួលឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥នោះឡើយ ដោយសារសម្តេចជាជនស៊ីវិល។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកដែលចង់បំបែកគណបក្សប្រជាជនកម្ពុជាថា អ្នកចង់ដែលបំបែកគណបក្សប្រជាជន គឺតែងតែបែកខ្លួនឯងទាំងអស់ ហើយសម្តេចនឹងបន្តធ្វើការងារនេះ ដោយមិនទុកឱ្យអ្នកឯងរួចខ្លួនទេ៕





