ស្វាយរៀង ៖ ស្ទុះផ្ទុះបន្លឺឡើងកក្រើកដី ផ្សែងខ្មួលខ្មាញ់ចេញពីកណ្តាលផ្ទះវិឡាតឿមួយកន្លែង បណ្តាលឱ្យរងបាក់បែកផ្ទះខ្ទេច សំណាងល្អមិនបណ្តាលឱ្យរងរបួសដល់មនុស្ស បង្កឱ្យភ្ញាក់ផ្អើលអស់អ្នកស្រុក សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមប្រភពពីស្ត្រីម្ចាស់ផ្ទះបានឱ្យដឹងថា ផ្ទះខាងលើទើបតែសាងសង់ថ្ម លើដីទើបនឹងចាក់លប់ត្រពាំង ។ ប្រភពបន្តទៀតថា ដីដែលដែលចាក់បំពេញថ្មី ទឹកដឹកមកពីក្រៅ ដើម្បីសាងសង់ផ្ទះ ហើយមុនកើតហេតុ ខណៈដែលប្តីនិងកូនៗ ជាប់រវល់ចេញទៅធ្វើការងារជីកអណ្តូងបាត់ហើយ នៅសល់គាត់ជាប្រពន្ធ ជាប់រវល់លក់ដូរនៅខាងមុខផ្ទះ ស្រាប់តែនៅវេលាម៉ោងស្នូរផ្ទុះបន្លឺឡើងកក្រើកដីចេញពីកណ្តាលផ្ទះ ផ្សែងហុយខ្មួលខ្មាញ់ ធ្វើឱ្យភិភ័យ ផ្អើលអស់អ្នកស្រុក នាំគ្នាសន្និដ្ឋានថាផ្ទុះធុងហ្គាស ក៏ប៉ុន្តែ ទំហំនៃការខូចខាត ផ្ទះត្រូវបានបាក់ទាំងស្រុង និងសម្ភារៈ នៅចំកណ្តាលផ្ទះ ក្លាយជារណ្តៅមួយ ។

បើតាមការពិនិត្យរបស់សមត្ថកិច្ច ការសន្និដ្ឋានបឋម អាចមកពីផ្ទុះគ្រាប់មីនតោន គ្រាដែលម្ចាស់ផ្ទះដឹកដីមកចាក់បំពេញដោយទាំងគ្រាប់មីនមកជាមួយ កប់ក្នុងដី ហើយសង់ផ្ទះពីលើ លុះដល់រងនូវកម្លាំងសម្ពាធសង្កត់ទម្ងន់ណាមួយ ទើបបណ្តាលឱ្យផ្ទុះឡើងបែបនេះ ព្រោះកម្លាំងផ្ទុះខ្លាំងណាស់ រហូតដល់ក្លាយជារណ្តៅចំកណ្តាលផ្ទះ ។

តែទោះជាមានការសន្និដ្ឋានយ៉ាងណាក្តី មកដល់ល្ងាចថ្ងៃដដែលនេះ មិនទាន់មានព័ត៌មានជាក់លាក់ណាមួយនៅឡើយទេ មានតែសមត្ថកិច្ចជំនាញខាងគ្រាប់ផ្ទុះ ទើបដឹងថាជាការផ្ទុះគ្រាប់អ្វីឱ្យប្រាកដ ។

អត្ថបទ÷តាតុងសែនជ័យ

Share.