ព្រៃវែង ៖ ឃ្លាំងស្តុក រោងម៉ាសុីនកិនស្រូវ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ភ្លាមៗ ហើយក៏មានវត្តមានឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះទៅពិនិត្យផ្ទាល់ផងដែរ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ទីតាំងខាងលើ រោងម៉ាសុីនកិនស្រូវ ឃ្លាំងស្តុក និងសម្ងួតស្រូវ មានម្ចាស់ឈ្មោះ ឈិត ប៊ុនថន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅកន្លែងកើតហេតុ ដោយសារទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ ក្នុងហេតុការណ៍នោះផងដែរ វត្តមានឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្ត រថយន្តស្រុកស្វាយអន្ទរ ស្រុកពារាំង ស្រុកកំចាយមារ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សរុបចំនួន១០គ្រឿង សហការពន្លត់ភ្លើងឱ្យរលត់ទៅវិញនៅវេលាម៉ោង៧យប់ថ្ងៃដដែល ខូចខាតស្រូវ សម្ភារៈ អស់មួយចំនួន តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.