ភ្នំពេញ – ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ចូលរួមមរណទុក្ខជាមួយឪពុកម្តាយ និងក្រុមគ្រួសារនៃកុមារាអាយុ ៣ ឆ្នាំ ៦ ខែ មកពីភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ទោះបីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបានខិតខំសង្គ្រោះអស់សមត្ថភាពក៏ដោយ។
ក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះអង្កេត ស្រាវជ្រាវ និងតាមដានយ៉ាងសកម្មនៅកន្លែងកើតហេតុ។ ក្រុមការងារបានយកសំណាកពីអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ស្វែងរកករណីសង្ស័យ និងផ្តល់ឱសថ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ ដើម្បីទប់ស្កាត់ការឆ្លងបន្ត។ ទន្ទឹមនេះ យុទ្ធនាការអប់រំស្តីពីការបង្ការជំងឺផ្តាសាយបក្សីក៏ត្រូវបានធ្វើឡើងនៅភូមិខាងលើ។
ក្រសួងសុខាភិបាលសូមក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលនៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងធ្លាប់ប៉ះពាល់មាន់ទាឈឺ ឬងាប់ក្នុងរយៈពេល ១៤ ថ្ងៃមុន សូមរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត និងជៀសវាងការជួបជុំក្នុងទីប្រជុំជន ដើម្បីការពារហានិភ័យនៃការស្លាប់។
ការចម្លងនិងការបង្ការ
ជំងឺផ្តាសាយបក្សី H5N1 ចម្លងពីបក្សីឈឺទៅបក្សី និងពេលខ្លះពីបក្សីទៅមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធ។ វាជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យព្យាបាលទាន់ពេល ទោះបីមិនងាយឆ្លងពីមនុស្សទៅមនុស្សក៏ដោយ។ ដើម្បីបង្ការជំងឺ សូមសង្ខេបជូនខ្លីថា បងប្អូនគួរតែ៖
- កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
- ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជា ពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។
- កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
- ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ។
សម្រាប់ព័ត៌មានបន្ថែមដើម្បីយល់ច្បាស់ សូមទាក់ទងលេខទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ) ឬតាមដានតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល និងគេហទំព័រ www.cdcmoh.gov.kh ៕
អត្ថបទ៖ ចតុមុខ



