កំពង់ធំ៖ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថាប្រជាការពារ និងយុវជនដើរតួយ៉ាងសំខាន់នៅក្នុងសហគមន៍ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តមថ្លែងដូច្នេះនៅក្នុងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាការពារនិងយុវជន។

កម្មវិធីនេះចូលរួមពីគណៈប្រតិភូរាជរដ្ឋាភិបាល មន្ត្រីមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក បងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ ប្រជាការពារ និងយុវជនប្រមាណជាង៤៣១នាក់ ផ្តល់ជំនួយលើកទឹក
ចិត្តដល់អ្នកចូលរួម ស្ថិតនៅបរិវេណវត្តកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

រដ្ឋបាលស្រុកកំពង់ស្វាយ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបង្កើតឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងបានបន្តដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ័យក្មេង រាជរដ្ឋាភិបាល បានអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។

ចំពោះ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំ ពិសេស ការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ ប្រភេទ។ នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះបង្ក្រាប និងបិទ ទីតាំងល្បែងផ្សងសំណាងខុសច្បាប់ នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រស្រុកបានទាំងស្រុង។

អត្ថបទ៖ កំពង់ធំ

