សេអ៊ូល៖ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទ នេះ បានច្រានចោលការដកតំណែងនាយករដ្ឋមន្រ្តីលោក Han Duck-soo និងប្រគល់អំណាចឱ្យរូបលោកវិញ ក្នងនាមជាប្រធានាធិបតីស្ដីវិញ បន្ទាប់ពីនយោបាយនៅក្នុងប្រទេសមួយនេះ ស្ថិតក្នុងភាពច្របូកច្របល់ និងក្រោយពេលសភាគ្រប់គ្រងដោយគណបក្សប្រឆាំងបានបោះឆ្នោតចោទប្រកាន់ដកតំណែងកាលពីជាង ២ខែមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥។

លោក Han Duck-soo វ័យ ៧៥ឆ្នាំរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីពី ក្រោយលោក Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែង ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់កាលពីដើមខែធ្នូ ឆ្នាំ២០២៤។

លោក Han បានកាន់តំណែងជាប្រធានាធិបតីស្ដីទី មិនដល់២សប្ដាហ៍ស្រួលបួលផង ក៏ត្រូវបានព្យួរតំណែងក្នុងនីតិវិធីចោទប្រកាន់ដកតំណែងកាលពី ថ្ងៃទី២៧ ខែធ្នូ ក្រោយការប៉ះទង្គិចគ្នាជាមួយសភាដែលដឹកនាំដោយគណបក្សប្រឆាំង ពាក់ព័ន្ធនឹងការបដិសេធក្នុងការតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន ៣រូប។


បើតាមសេចក្ដីថ្លែងការណ៍របស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅក្នុងចំណោមចៅក្រមតុលាការធម្មនុញ ៨រូប មានចៅក្រម ៥នាក់បាននិយាយថា សំណើដកតំណែងលោក Han គឺស្របច្បាប់ ប៉ុន្តែមិនមានហេតុផលគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ដកតំណែងនោះទេ ដោយសារលោក Han មិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់កូរ៉េខាងត្បូង ទាក់ទងនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬសកម្មភាពបះបោរនោះទេ។

ដោយឡែក ចៅក្រម ២នាក់ បានបោះឆ្នោតជំទាស់នឹងសំណើដកតំណែងលោក Han ហើយមានតែចៅក្រមតែម្នាក់គត់ ដែលបានបោះឆ្នោតគាំទ្រលើសំណើដកតំណែង។
យ៉ាងណាម៉ិញ សភាដែលដឹកនាំដោយគណបក្សប្រឆាំង នៅតែចោទប្រកាន់លោក Han ថាមិនបានរារាំងការសម្រេចចិត្តក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon និងស្នើឱ្យមានការដកតំណែង៕

