នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះផេក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហោះរូបភាពខ្លោងទ្វារ ដ៏ស្រស់ស្អាត សម្រាប់ត្រៀមកម្មវិធីអង្គរសង្ក្រាន្ត នាពេលខាងមុខ ដែលមានក្បូរក្បាច់រចនាបែបខ្មែរបានយ៉ាងស្អាតប្រណិត។

ពេលវេលាកាន់តែរំកិលទៅមុខមិនឈប់ឈរ នៅសល់មិនដល់មួយខែទៀតនោះទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងចូលមកដល់ ដោយឆ្នាំនេះ សង្ក្រាន្តចំ ថ្ងៃច័ន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹង ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ក្រឡេកទៅមើលការតុបតែងលម្អផ្សេងៗត្រៀមពិធីបុណ្យជាតិនេះ បានរៀបចំចេញជារូបរាងបណ្ដើរៗហើយដែរ ក្នុងនោះ ខ្លោងទ្វារ អង្គរសង្ក្រាន្ត កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីប្រជាពលរដ្ឋ។
តាមការឱ្យដឹងពីផេក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខ្លោងទ្វារដ៏ប្រណិតស្អាតឥតខ្ចោះនេះ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ កុំភ្លេចចូលរួមថតរូបអនុស្សាវរីយ៍នៅឯខ្លោងទ្វារអង្គរសង្ក្រាន្តផងណា!




កម្មវិធីអង្ករសង្ក្រាន្ត ឆ្នាំ២០២៥ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» គឺមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕

