សិល្បៈជាតិ៖ សិល្បករ ចូវ ធានលី បានរៀបចំពិព័រណ៍សិល្បៈគំនូរប្រេងមានឈ្មោះថា «ឫសគល់ (ប្រភពដើម)» តាំងបង្ហាញនៅទីស្នាក់ការស្នាររដ្ឋបាលសិល្បៈ ចាប់ពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។

ពិព័រណ៍នេះផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរផ្ទាល់ខ្លួន ជំនឿ និងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងធម្មជាតិនិងវប្បធម៌ ដែលនឹងដាក់បង្ហាញផ្ទាំងគំនូរចំនួនប្រាំផ្ទាំង ដែលផ្តោតលើការសិក្សាធម្មជាតិ និងការតភ្ជាប់ជាមួយនឹងជំនឿប្រពៃណី។ សិល្បករមានមូដ្ឋាននៅខេត្តសៀមរាបរូបនេះ បានរកឃើញសន្តិភាព និងការប្រោសប្រទានពីធម្មជាតិ និងប្រាសាទបុរាណ ទើបបង្កើតចេញជាស្នាដៃដ៏អស្ចារ្យនេះឡើង។
ពិព័រណ៍នេះនឹងបើកទ្វារសំរាប់សាធារណជនចាប់ពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្នាក់ការស្នាររដ្ឋបាលសិល្បៈ ផ្ទះលេខ ១៦ ផ្លូវបេតុងវត្តនិរោធ (បុរីសម្បត្តិមានហេង៣) ភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាសក្ខីភាពមួយចំពោះថាមពលសិល្បៈ ជំនឿ និងបេតិកភណ្ឌដែលស្ថិតស្ថេរក្នុងការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន និងសមូហភាព។

គួររំលឹកដែរថា ចូវ ធានលី ដែលកើតនៅឆ្នាំ ១៩៨៥ លើទឹកដីខេត្តបាត់ដំបង គឺជាសិល្បករសម្រាប់សម័យកាលនៃសិល្បៈសម័យនិយមនៅកម្ពុជា។ ភាគច្រើនលោកផ្តោតលើសិល្បៈគូរគំនូរប្រេង និងការស្រាវជ្រាវយ៉ាងស៊ីជម្រៅលើប្រធានបទផ្សេងៗ។ ស្នាដៃរបស់លោកត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ជាតិ និងអន្តរជាតិ រួមទាំងនៅ Busan Biennale ឆ្នាំ ២០២៤ នៅកូរ៉េខាងត្បូង វិចិត្រសាល Flinn នៅសហរដ្ឋអាមេរិក និង Musée de l’Hospice-Comtesse នៅបារាំងជាដើម៕


