បាងកក៖ កាន់អំណាចប្រមាណ ៧ខែ និង៦ថ្ងៃ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងការដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា នៅថ្ងៃចន្ទ នេះ ដោយគណបក្សប្រឆាំងគ្រោងនឹងសួរនាំលោកស្រី ជុំវិញការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុក និងការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកស្រីស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់លោកស្រី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥។

ទោះបីជាទទួលបានអត្រាគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិក៏ដោយ ក៏លោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយជំហរដ៏រឹងមាំ ដោយគ្មានសញ្ញាចលាចលណាមួយនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី ដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានោះឡើយ ដែលវាមិនទំនងនោះទេ ដែលញត្តិដកសេចក្ដីទុកចិត្តរបស់លោកស្រីអាចនឹងត្រូវបានអនុម័ត នៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍នេះ។


គណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងក្នុងប្រទេសថៃ បានចោទប្រកាន់ លោកស្រី Paetongtarn ថា កំពុងអនុវត្តតាមបទបញ្ជាពីឪពុករបស់លោកស្រី គឺលោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ។

ទាក់ទិននឹងបញ្ហានេះ លោកស្រី Paetongtarn បានច្រានចោលការចោទប្រកាន់នេះ ហើយទទូចថា រដ្ឋាភិបាលរបស់លោកស្រីមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់នោះទេ ខណៈលោក Thaksin វ័យ ៧៥ឆ្នាំ ត្រូវជាឱពុក បាននិយាយថា លោក បានចូលនិវត្ត ហើយផ្ដល់ត្រឹមតែយោបល់តែប៉ុណ្ណោះ។
យ៉ាងណាម៉ិញ វិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី Paetongtarn រហូតមកដល់ពេលនេះ មិនទាន់បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់តាមការរំពឹងទុកនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍នោះទេ ដោយអត្រាកំណើនមានត្រឹម ២.៥ភាគរយប៉ុណ្ណោះ កាលពីឆ្នាំ២០២៤ គឺទាបជាងអត្រាកំណើនសេដ្ឋកិច្ចរបស់ដៃគូក្នុងតំបន់៕

