ក្រុងវេលលីងតុន៖ នាថ្ងៃអង្គារ នេះ អាជ្ញាធរក្នុងតំបន់បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់ ខណៈទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ បានវាយតម្លៃថា តើវាអាចបង្កឱ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា អ្នករស់នៅក្នុងតំបន់ Southland និង Fiordland គួរតែនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ និងនៅតាមតំបន់សមុទ្រ ដោយសារវាងាយនឹងរងគ្រោះថ្នាក់ផ្សេងៗ។

យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាល Geonet បានឱ្យដឹងថា សំណង់អគារមួយចំនួនបានរំញ័រ ប៉ុន្ដែមិនទាន់មានការគំរាមកំហែងអ្វីធ្ងន់ធ្ងរទេ ហើយការរញ្ជួយដីនេះ កំពុងស្ថិតក្រោមការតាមដានវាយតម្លៃបន្ដទៀត។ យ៉ាងណា ប្រជាជននៅតាមតំបន់ឆ្នេរ គួរតែជម្លៀសចេញពីកន្លែងដែលមានការរញ្ជួយរយៈពេលជាង ១នាទីជាបន្ទាន់។

សូមជម្រាបថា ប្រទេសនូវែលសេឡង់ ស្ថិតជាប់ព្រំប្រទល់នៃបន្ទះប្លាកែតធំ២ ហើយបានរងការរញ្ជួយដីរាប់ពាន់ដងជារៀងរាល់ឆ្នាំ។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.៣រិចទ័របានវាយប្រហារលើទីក្រុង Christchurch កាលពីឆ្នាំ២០១១ បានសម្លាប់មនុស្សចំនួន ១៨៥នាក់៕

ប្រភព៖ CNA

Share.