វ៉ាស៊ីនតោន៖ សេតវិមាន បានឱ្យដឹងកាលពីថ្ងៃចន្ទ នេះថា មន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានច្រឡំបង្ហើបអំពីផែនការសង្រ្គាមមុនពេលសហរដ្ឋអាមេរិក វាយប្រហារលើក្រុមឧទ្ទាម ហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែន នៅក្នុងគ្រុបឆាត ( Messaging Group) មួយដែលមានអ្នកសារព័ត៌មានជាសមាជិកនៅក្នុងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

ភ្លាមៗ សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងរហ័សចំពោះកំហុសឆ្គងនេះ ដោយនិយាយថា វាជាការរំលោភលើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងជាការរំលោភបំពានច្បាប់ដែលត្រូវតែស៊ើបអង្កេតដោយសភា។

លោក Jeffrey Goldberg និពន្ធនាយកកាសែត Atlantic Magazine បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា លោកត្រូវបានគេ Add ចូលគ្រុបឆាតមួយមានឈ្មោះថា «Houthi PC small group» កាលពីថ្ងៃទី១៣ ខែមីនា។

គ្រុបឆាតនេះត្រូវបានបង្កើតឡើងដោយលោក Alex Wong ជាមន្រ្តីរដ្ឋាភិបាលអាមេរិក និងជាអនុប្រធានស្ថិតក្រោមការដឹកនាំរបស់លោក Mike Waltz ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បង្កើតគ្រុបឈ្មោះថា «Tiger team» ដោយមានសមាជិកសុទ្ធតែថ្នាក់ដឹកនាំកំពូលៗ ដើម្បីសម្របសម្រួលសកម្មភាពរបស់អាមេរិកប្រឆាំងនឹងក្រុមឧទ្ទាម Houthi។

ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បានថ្លែងឱ្យដឹងថា «លោកមិនបានដឹងពីរឿងរ៉ាវនេះទេ។ ខ្ញុំមិនមែនជាអ្នកគាំទ្រកាសែតនេះទេ។ យើងនឹងស៊ើបអង្កេតអំពីរឿងនេះ»។

យ៉ាងណា​ ពេលបានពិនិត្យឃើញមានកំហុសឆ្គងនេះ គេបានលុបរបាយការណ៍លម្អិតដ៏សម្ងាត់ចេញភ្លាមៗផងដែរ។ ប៉ុន្ដែថ្វីបើបានលុបចេញពីគ្រុបអស់ក៏ពិតមែន និពន្ធនាយកកាសែត Atlantic Magazine ខាងលើបានហៅថាជា​ ការពិភាក្សាដោយមិនប្រុងប្រយ័ត្ន និងជាការធ្វេសប្រហែសដ៏គួរឱ្យភ្ញាក់ផ្អើល៕

ប្រភព៖ CNA

Share.