
អំឡុងពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កំពុងទទួលនូវអម្រែកទុក្ខជាទម្ងន់ ដោយម្ខាងគឺឧត្ដមភរិយាលោកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយទទួលការវះកាត់។ ឯម្ខាងទៀតគឺបងប្រុសច្បងរបស់លោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតទៅហើយ។
តាមសារដែលបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ នេះ លោកបានរៀបរាប់ឲ្យដឹងថា បើទោះជាភរិយាលោកឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ និងឈានមកដល់សុវត្ថិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទី១ របស់លោក មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារលោកបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបាននេះរួចហើយ។
បើតាមខ្លឹមសារ និងរូបភាពដែលបង្ហោះនៅម៉ោង៩ព្រឹកនេះ បានឲ្យដឹងថា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងសម្រាកនៅលើគ្រែពេទ្យបន្ទាប់ពីទទួលការវះកាត់រួចរាល់ និងបានជំរុញឲ្យស្វាមីប្រញាប់ទៅមើលបងប្រុស ហើយករណីបងប្រុសចែកឋានទៅ គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានសម្ដេចគតិព្រឹទ្ធបណ្ឌិតឡើយ។
ឯកឧត្ដម ហ៊ុន សាន ជាបងប្រុងច្បងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ឯកឧត្ដម ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕


