តាមកាសែតថៃរ៉ាត់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នារដ្ឋសភា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានលើកឡើងពីភាពមិនស្ងប់តាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅខេត្តស្រះកែវ ។ លោកបានថ្លែងថា មិនគួរមើលបញ្ហានេះថាជារឿងគួរឱ្យព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះបញ្ហាព្រំដែនជាបញ្ហាដែលនិយាយមិនចេះចប់ ទាំងតំបន់លើដី និងសមុទ្រ ដោយសារភាគីទាំងសងខាងប្រើផែនទីខុសគ្នា ហើយភាគីនីមួយៗអះអាងសិទ្ធិលើតំបន់របស់ខ្លួន ដែលមានផ្នែកត្រួតស៊ីគ្នា និងមិនទាន់មានភាពច្បាស់លាស់។ បញ្ហានេះកំពុងស្ថិតក្នុងការចរចា មិនថាជាព្រំដែនថៃ-មីយ៉ាន់ម៉ា ថៃ-ឡាវ ឬថៃ-កម្ពុជាសុទ្ធតែជួបបញ្ហាអូសបន្លាយពេលដូចគ្នា។

លោកបានស្នើឱ្យដោះស្រាយតំបន់ត្រួតស៊ីគ្នានេះដោយសន្តិវិធី ដោយភាគីទាំងសងខាងត្រូវអត់ធ្មត់ ព្រោះកម្រិតនៃការអត់ធ្មត់របស់ប្រទេសនីមួយៗមិនស្មើគ្នា ដោយសារភាគីនីមួយៗចាត់ទុកតំបន់នោះជារបស់ខ្លួន ដូច្នេះចាំបាច់ត្រូវតែប្រើការចរចារ។ លោកបានបន្តថា តំបន់ណាដែលមានបញ្ហា ហើយមិនទាន់អាចដោះស្រាយបាន គួរផ្អាកទុកសិន។ ប្រសិនបើមានការឈ្លានពាន ត្រូវនិយាយគ្នា ប្រើភាពអត់ធ្មត់ដើម្បីដោះស្រាយបញ្ហា និងមិនចង់ពង្រីករឿងឱ្យកាន់តែធំ ព្រោះបញ្ហានេះ មានតែជម្រើសពីរប៉ុណ្ណោះគឺ ចរចាដោយសន្តិវិធី ឬភាគីទាំងសងខាងមិនព្រមសម្របសម្រយលគ្នា ហើយប្រើកម្លាំងទ័ពរៀងខ្លួនដើម្បីដណ្តើមតំបន់ ដែលនឹងនាំទៅរកសង្គ្រាម និងអំពើហិង្សា ដែលជាអ្វីដែលយើងមិនចង់ឱ្យកើតឡើងនោះទេ។ ទោះជាយ៉ាងណា ការចរចាត្រូវបន្តតាមរយៈគណៈកម្មការដែលបានបង្កើតឡើង ដើម្បីស្វែងរកដំណោះស្រាយ។ លោកយល់ថា ស្ថានភាពនេះមិនទាន់ធ្ងន់ធ្ងរនោះទេ ហើយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែអាចនិយាយគ្នាបាន។

នៅពេលអ្នកសារព័ត៌មានសួរថា តំបន់នោះជាតំបន់ហាមប្រើប្រាស់តាម MOU ៤៣ តែទាហានកម្ពុជាបានរំលោភដោយសាងសង់ជម្រក តើនេះជាការបង្កហេតុឬទេ? លោក Phumtham បានឆ្លើយថា យើងមិនគួរមើលថានេះជាការបង្កហេតុទេ ព្រោះវានឹងនាំទៅរកសង្គ្រាម និងការប្រយុទ្ធ។ យើងការពារអធិបតេយ្យភាពរបស់យើង ប៉ុន្តែមិនចង់ឱ្យឈានដល់ការប្រយុទ្ធគ្នា ព្រោះនឹងមានការខាតបង់។ កន្លងមក នៅពេលមានការរំលោភ យើងបានធ្វើលិខិតតវ៉ា និងចរចាតាមរយៈបណ្តាញផ្សេងៗ ដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកបាន។ ប៉ុន្តែបើមិនអាចទទួលយកគ្នាបាន គឺផ្អាកជម្លោះនោះទុកមុន និងមិនលើកយកមកនិយាយ។ លោកស្នើឱ្យប្រុងប្រយ័ត្ន ព្រោះសង្គ្រាមមិនផ្តល់ផលប្រយោជន៍ដល់នរណាទេ មានតែការបំផ្លាញជីវិត និងទ្រព្យសម្បត្តិប៉ុណ្ណោះ។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះបន្តទៀតថា មិនគួរគិតថានេះជាការបង្កហេតុទេ គ្រាន់តែជារឿងធម្មតានៃអារម្មណ៍មនុស្ស ដែលមានទស្សនៈខុសគ្នា ហើយអាចកើតអារម្មណ៍ក្តៅក្រហាយ។


នៅពេលសួរថា ភាគីទាំងសងខាងត្រូវអត់ធ្មត់នឹងជម្លោះតាមព្រំដែនថៃ-កម្ពុជាឬទេ? លោក Phumtham បានឆ្លើយថា លោកស្នើទៅគ្រប់ភាគីឱ្យប្រើភាពអត់ធ្មត់ក្នុងជម្លោះនេះ មិនថាតំបន់ណាក៏ដោយ ដូចជាសមុទ្រចិនខាងត្បូង សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ឬអ៊ីស្រាអែល-ហាម៉ាស ដោយសុទ្ធតែគួរប្រើការចរចាដោយសន្តិវិធី។ លោកបញ្ជាក់ថា យើងមានជំហរច្បាស់លាស់ក្នុងរឿងនេះ និងមិនចង់ឱ្យរឿងនេះកាន់តែរីករាលដាលថែមទៀត៕

